ភ្នំពេញ៖ ក្រុមហ៊ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ជាក្រុមហ៊ុនដែលវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតមធ្យម នៅខេត្តកំពង់ធំ បាននិងកំពុងប្រើប្រាស់ថាមពលស្អាត (Green energy) ដើម្បីលើកស្ទួយជីវភាពកសិករដាំស្វាយចន្ទីនៅកម្ពុជា។ ជាមួយគ្នានោះក្រុមហ៊ុននេះ មានគម្រោងពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយប្រើប្រាស់ថាមពលស្អាតបន្ថែមទៀត នៅក្នុងខេត្តព្រះវិហារ។
ក្នុងជំនួបពិភាក្សាការងាររវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍អរគុណដល់ក្រុមហ៊ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី ដែលបាននិងកំពុងអនុវត្តគម្រោងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតមធ្យម នៅស្រុកសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ តាមរយៈថាមពលស្អាត (Green energy) ដើម្បីលើកស្ទួយជីវភាពកសិករដាំស្វាយចន្ទីនៅកម្ពុជា។
ជាមួយគ្នានោះលោក សាសាគី កូជី នាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី បានលើកឡើងថា ក្រុមហ៊ុនមានគម្រោងពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយប្រើប្រាស់ថាមពលស្អាត (Green energy) បន្ថែមទៀត នៅក្នុងខេត្តព្រះវិហារ តាមរយៈការនាំយកបច្ចេកវិទ្យាពីប្រទេសជប៉ុន សំដៅដល់ការផលិតគ្រាប់ស្វាយចន្ទីឱ្យបានជាង ២ម៉ឺនតោនក្នុងមួយឆ្នាំៗ ។
ជាការឆ្លើយតបលោក លោក អ៊ាង សុផល្លែត គាំទ្រចំពោះក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី របស់ជប៉ុន ដែលបានជ្រើសយកកម្ពុជា ជាដៃគូក្នុងការផលិតគ្រាប់ស្វាយចន្ទី និងនាំកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសបានប្រើប្រាស់ថាមពលស្អាត ហើយថាមពលស្អាតនេះទៀតសោត គឺជាយុទ្ធសាស្រ្តដែលមាននៅក្នុងយុទ្ធសាស្រ្តគន្លឹះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ តាមរយៈការផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។
លើសពីនេះ ដំណាំស្វាយចន្ទីជាផ្នែកមួយនៃចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា និងម្យ៉ាងវិញទៀតដើមស្វាយចន្ទីក៏ជាប្រភេទដើមឈើដែលជួយស្រូបយកឧស្ម័នកាបូនិច និងផលិតជាអុកស៊ីសែនទៅក្នុងបរិយាកាសវិញ។ កិច្ចសហប្រតិបត្តិការនេះ បានឆ្លើយតបទៅនឹងមុំទី៥នៃយុទ្ធសាស្រ្តស្នូលទី៤ ដែលបានផ្តោតលើ ការបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕