ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ធ្នូនេះ បានអញ្ជើញឪពុកម្តាយយុវសិស្សនិទ្ទេស A អន ផានិត ដោយមានទាំងប្អនស្រី និងផានិត មកគេហដ្ឋានសម្តេច។ សម្តេចបានកោតសរសើរចំពោះឪពុកម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ ជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ ដើម្បីកូននិងក្រុមគ្រួសារ។ រីឯ ផានិតវិញ គឺជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសក្តិសមជាសិស្សប្រឡងជាប់និទ្ទេសA។
តាមរយៈសំណេររបស់សម្តេច ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថាឪពុក ម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូននិងក្រុមគ្រួសារ។ ឯចៅផានិតវិញពិតជាក្មេងប្រកបដោយគុណធម៌និងការចេះដឹងសក្តិសមជាសិស្សប្រឡងជាប់និទ្ទេសA។ ចៅស្រីដែលជាប្អូនរបស់ផានិតបាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកម្រិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។»
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្មពីឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុកម្តាយបារម្មពីផានិតដែលរៀននៅភ្នំពេញ។
សូមជម្រាបថា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៩ខែវិច្ឆិកា បានប្រកាសសម្រេចជួយយុវសិស្ស អន ផានិត ប្រឡងបាក់ឌុប ជាប់និទ្ទេស A ដែលគ្រួសារមានជីវភាពខ្វះខាត ហើយឪពុកម្ដាយជាជនមានពិការភាព រស់នៅស្រុកអង្គរជ័យ ខេត្តកំពត។ សម្តេចបានប្រកាសថានឹងជួយឧបត្ថម្ភដល់ក្មេងប្រុសនេះនូវកន្លែងស្នាក់នៅ ទំនុកបម្រុងការហូបចុក ការសិក្សា និងប្រាក់ចាយវាយជាប្រចាំ បន្ថែមនេះនឹងជួយជាថវិកាដល់ការសងបំណុល និងជួយសាងសង់ផ្ទះឲ្យគ្រួសារយុវជននេះ៕