មណ្ឌលគីរី៖ តំបន់ជំរំសត្វទោច ចាហ៊ូ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានពង្រីកផ្ទៃដីរហូតដល់ ២៤៥,៨ ហិកតា ក្នុងកំឡុងត្រីមាសចុងក្រោយនេះ។ ការពង្រីកផ្ទៃដីនេះ គឺដើម្បីអនុញ្ញាតឱ្យមានការប្រើប្រាស់ដីដូនតារបស់ដើមភាគតិចពូនង (ព្នង) សម្រាប់វិស័យទេសចរណ៍ និងការស្រាវជ្រាវ។
តំបន់ជំរំសត្វទោច ចាហ៊ូ ស្ថិតនៅ ភូមិអណ្តូង ក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានពង្រីកផ្ទៃដីរហូតដល់ ២៤៥,៨ ហិកតា។ លើសពីនេះ ក្រុមការងារជំរុំសត្វទោច ចាហ៊ូ ក៏បានសម្រេចជោគជ័យមួយតាមរយៈការចរចាលើកិច្ចព្រមព្រៀងប្រើប្រាស់ដីធ្លីរបស់គ្រួសារជនជាតិដើមភាគតិចពូនង (ព្នង) ចំនួន ៤ នៅពូក្លែក្រោម នៃភូមិអណ្តូងក្រឡឹង។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះអនុញ្ញាតឱ្យមានការប្រើប្រាស់ដីដូនតារបស់គ្រួសារចំនួន ៤ ហិចតាសម្រាប់អេកូទេសចរណ៍ជំរុំសត្វទោច ចាហ៊ូ ដែលជាកម្មសិទ្ធិរបស់សហគមន៍ និងការស្រាវជ្រាវអំពីសត្វទោច។
នៅក្រោមកិច្ចព្រមព្រៀងទាំងនេះ គ្រួសារនីមួយៗនឹងទទួលបានប្រាក់ឈ្នួលប្រចាំខែចំនួន ១០ ដុល្លារសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ ដែលអនុញ្ញាតឱ្យជំរុំសត្វទោច ចាហ៊ូ ប្រើប្រាស់ដីដូនតារបស់ពួកគេសម្រាប់វិស័យទេសចរណ៍ និងការស្រាវជ្រាវ។ Kyle Winney អ្នកគ្រប់គ្រងជំរុំសត្វទោច ចាហ៊ូ នៅអង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិបានកត់សម្គាល់ថា «មូលនិធិសត្វទោច ដែលជាប្រភពចំណូលប្រកបដោយនិរន្តរភាព ទទួលបានមកពីដំណើរការទេសចរណ៍នៅជំរុំសត្វទោច ចាហ៊ូ នឹងជួយសម្រួលដល់ការបង់ប្រាក់ឈ្នួលដីទាំងនេះ។ នៅពេលដែលប្រាក់ចំណូលពីអេកូទេសចរណ៍បន្តកើនឡើង យើងសង្ឃឹមថាវានឹងជួយជំរុញគ្រួសារកាន់តែច្រើនឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ»។
សូមជម្រាបជូនថា ជំរុំសត្វទោច ចាហ៊ូ គឺជាសហគ្រាសអេកូទេសចរណ៍ ដែលជាកម្មសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចពូនង (ព្នង) ហើយវាបានផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដល់សហគមន៍ជនជាតិដើមភាគតិចនេះ តាមរយៈការលក់កញ្ចប់ទេសចរណ៍ដើម្បីទស្សនាសត្វទោច។ ហើយជាថ្នូរមកវិញ សហគមន៍បានធ្វើការការពារសត្វទោចទាំងនោះ ព្រមទាំងសត្វព្រៃផ្សេងៗទៀត និងជម្រករបស់វាផងដែរ៕