ក្រចេះ៖ រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិចំនួន២៦កន្លែងក្នុងខេត្តក្រចេះ ត្រូវបានរៀបចំតុបតែង ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល។ តំបន់រមណីយដ្ឋានដែលបានរៀបចំ រួមមាន រមណីយដ្ឋានអន្លង់ផ្សោតកាំពី រមណីយដ្ឋានសហគមន៍អេកូរទេសចរណ៍សង្កាត់កោះទ្រង់ រមណីយដ្ឋានភ្នំសំបុក រមណីយដ្ឋានភ្នំសុពណ៌កាឡី រមណីយដ្ឋានឆ្នេរខ្សាច់សុណ៍គិរី ព្រះវិហារធំសសរ១០០ និងរមណីយដ្ឋានព្រែកកាំពី។
ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ខាងមុខនេះ រដ្ឋបាលខេត្តក្រចេះ បានរៀបចំតុបតែងតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន២៦កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រចំនួន៦កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន១កន្លែង រមណីយដ្ឋានធម្មជាតិ ១៣កន្លែង រមណីយដ្ឋានកែច្នៃចំនួន៦កន្លែង និងរមណីដ្ឋានដែលភ្ញៀវទេសចរពេញនិយមទៅកំសាន្តច្រេីន គឺរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី មានចម្ងាយ១៦គម ពីទីរួមខេត្តក្រចេះ។
លោក ចាន់ សុគន្ធី ប្រធានមន្ធីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា មានរមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិជាច្រេីន ត្រូវបានគេរៀបចំតុបតែង ដេីម្បីលេីកកម្ពស់សោភណ្ឌភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ក្នុងរដូវកាល Hight Season ក្នុងនោះរួមមានមាន រមណីយដ្ឋានអន្លង់ផ្សោតកាំពី រមណីយដ្ឋានសហគមន៍អេកូរទេសចរណ៍សង្កាត់កោះទ្រង់ រមណីយដ្ឋានភ្នំសំបុក រមណីយដ្ឋានភ្នំសុពណ៌កាឡី រមណីយដ្ឋានឆ្នេរខ្សាច់សុណ៍គិរី ព្រះវិហារធំសសរ១០០ និងរមណីយដ្ឋានព្រែកកាំពី។
កាលពីថ្ងៃ២០ ធ្នូ កន្លងទៅលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានជួបសំណេះសំណាលជាមួយសេវាករ នៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី និងបានណែនាំអោយសេវាករ យកចិត្តទុកដាក់ពង្រឹងគុណភាពផលិតផលទេសចរណ៍ រក្សាតម្លៃម្ហូបអាហារធានាបាននូវគុណភាព ជំនឿចិត្តពីភ្ញៀវទេសចរ ការថែរក្សាបរិស្ថាន និងបដិសណ្ឋារកិច្ចល្អ នៅតំបន់កាំពីរដែលជារមណីយដ្ឋានដ៏ទាក់ទាញបំផុតរបស់ខេត្តក្រចេះក្នុងរដូវកាលប្រាំងខាងមុខនេះ៕