ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A បានចូលរួមក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី៩ មករា នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានចេញសេក្ដីជូនដំណឹង នៅថ្ងៃទី២០ ខែធ្នូនេះ ក្រសួងអប់រំ ក័បានអំពាវនាវដល់មន្ទីរចាត់តំណាងឱ្យមកទទួលយកស្លាកឈ្មោះសិស្សនិទ្ទេស A និងស្លាកឈ្មោះគណៈប្រតិភូ នៅនាយកដ្ឋានកិច្ចការ ប្រឡងនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៤ និងរៀបចំសម្របសម្រួលការចូលរួមឱ្យមានប្រសិទ្ធភាព ហើយរាល់ការចំណាយក្នុងការចូលរួមពិធីរបស់បុគ្គលិកអប់រំ នៃមន្ទីរជាបន្ទុករបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តសាមី។
គួរបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ សិស្សានុសិស្សជាប់សរុបមានចំនួន ៩៨,៤៦០នាក់ ស្មើនឹង៧២,៨៩% ដែលរួមមាននិទ្ទេស A ចំនួន១,៦៧៣នាក់, និទ្ទេស B ចំនួន៦,៩៦៤នាក់, និទ្ទេស C ចំនួន១៨,៣០៨នាក់, និទ្ទេស D ចំនួន៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន៣៧,២៦៩នាក់៕