ចិន៖ លោក ខាត់ វ៉ៃហាំង ជាតារាសម្តែងដ៏ល្បីប្រចាំនៅកម្ពុជា បាននាំយក «ខោលមុខយក្ស» ទៅបង្ហាញក្នុងកម្មវិធីសប្តាហ៍ផ្លាសប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន ២០២៣ នៅទីក្រុងសៀកមិន ប្រទេសចិន។ នៅក្នុងនោះដែរ មានប្រជាជនខ្មែរបាន សរសើរពីរូបសម្រស់ និងអបអរសាទរ ក៏ដូចជាកោតសរសើរដល់លោកដែលបានពាំនាំវប្បធម៌ខ្មែរទៅបង្ហាញនៅលើឆាកអន្ដរជាតិ។
ចិនបានអញ្ជើញសិល្បករខ្មែរលោក ខាត់ វ៉ៃហាំង ចូលរួមកម្មវិធីកម្មវិធីសប្តាហ៍ផ្លាសប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន ២០២៣ នៅទីក្រុងសៀកមិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២១ ធ្នូ។ នៅក្នុងកម្មវិធីនោះលោក ខាត់ វ៉ៃហាំង បានពាក់ខោល មុខយក្ស និងក្រវាត់កពណ៌ទឹកប៊ិច ដែលមានរូបទង់ជាតិខ្មែរ។ ជាពិសេសនៅពេលដែលរូបភាពរបស់លោកបានបង្ហោះនៅលើគណនីហ្វេកប៊ុកផ្លូវការរបស់លោក មហាជនបានពោលសរសើរពីរូបសម្រស់ និងការតុបតែងខ្លួនរបស់លោក ដែលជាផ្នែកមួយនៃការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌ខ្មែរ នៅលើឆាកអន្ដរជាតិ។
សូមបញ្ជាក់ថា ក្រៅពីលោក ខាត់ វ៉ៃហាំង កញ្ញា ស៊ីន យូប៊ីន ក៏ត្រូវបានគេអញ្ជើញចូលរួមកម្មវិធីសប្តាហ៍ផ្លាសប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន ២០២៣ដែរ។ នៅក្នុងកម្មវិធីនេះកញ្ញា ស៊ីន យូប៊ីន បានគ្រងនូវឈុតពណ៌ស ដែលមានយ័ន្តធាតុទំាង៥ ត្រូវបានប៉ាក់នៅលើរូបនោះផងដែរ៕