ភ្នំពេញ៖ ក្រុមហ៊ុនមួយដែលមានឈ្មោះថា SENG CHEANG MONG FOOD CORP ដែលគេស្គាល់ថា ជាក្រុមហ៊ុនរបស់ប្រទេសវៀតណាម បានប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្មលើសម្បកវេច ខ្ចប់ ផលិតផល ជារូបភាពប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តរបស់ខ្មែរនៅលើសម្បកវេចខ្ចប់ ផលិតផលរបស់ខ្លួន ដោយគ្មានការអនុញ្ញាត។ បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងចាត់វិធានការលើករណីនេះ។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានរកឃើញមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្មលើសម្បកវេចខ្ចប់ ផលិតផល ជារូបភាពប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តរបស់ខ្មែរនៅលើសម្បកវេចខ្ចប់ ផលិតផល សរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀតរបស់ក្រុមហ៊ុន SENG CHEANG MONG FOOD CORP។ ផលិតផលទាំងនេះទៀតសោត បានដាក់លក់នៅលើទីផ្សារនានា តាមហាងលក់ទំនិញ និងតាមទីផ្សារអនឡាញ នៅឯរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀត ក្នុងសហរដ្ឋអាម៉េរិក ដោយពុំមានការសុំការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជានោះឡើយ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងបាននិងកំពុងសហការជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ច ដើម្បីមានវិធានការផ្លូវច្បាប់លើការប្រព្រឹត្តល្មើសដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា។
ក្រសួងអះអាងថា ក្រសួងបាននិងកំពុងណែនាំដល់អនុព័ន្ធពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្ម នៅក្រៅប្រទេសបន្តការស្រាវជ្រាវហើយផ្ដល់ព័ត៌មានមកក្រសួងពាណិជ្ជកម្ម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់លើករណីផ្សេងទៀត។ សម្រាប់លទ្ធផលនៃចំណាត់ការនេះ ក្រសួងថានឹងជូនព័ត៌មានតាម ក្រោយ។
គួរបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ក្រសួងបានសហការជាមួយស្ថានទូតកម្ពុជាទប់ស្កាត់ និងដោះស្រាយដោយជោគជ័យនូវករណីបន្លំប្រើប្រាស់សញ្ញាជាតិរូបទង់ជាតិ និង និមិត្តរូបជាតិនានារបស់កម្ពុជាទៅដាក់នៅលើផលិតផល ដែលតាំងលក់នៅទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដោយខុសទៅនឹងច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ៕