ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិនភីង បានប្រាប់ប្រធានាធិបតីអាម៉េរិក ចូបៃដិន ដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះថា ប្រទេសចិននឹងបង្រួបបង្រួមជាមួយតៃវ៉ាន់ឡើងវិញនាពេលខាងមុខ នេះបើតាមប្រភពបានបញ្ជាក់ប្រាប់ ABC News ។ គេនៅមិនទាន់ច្បាស់ទេថាតើទីក្រុងប៉េកាំងគ្រោងនឹងប្រើប្រាស់កម្លាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ឬយ៉ាងណា ប៉ុន្តែលោក ស៊ី បានបង្ហាញថាចិននឹងព្យាយាមធ្វើការដោយសន្តិវិធីដោយមិនប្រើកម្លាំងទ័ព។
លោក ស៊ី បាននិយាយជាសាធារណៈជាច្រើនហើយជុំវិញនៃការបង្រួមបង្រួមតៃវ៉ាន់ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា លើកនេះលោកបាននិយាយចំៗទៅកាន់លោកប្រធានាធិបតីអាម៉េរិកនៅក្នុងកិច្ចប្រជុំកំពូលមួយ។
ប្រធានាធិបតី ស៊ីជិនភីង បានបង្ហាញជាសាធារណៈ និងច្បាស់លាស់អំពីបំណងប្រាថ្នារបស់លោកសម្រាប់ការបង្រួបបង្រួមតៃវ៉ាន់ឡើងវិញ នោះមិនមែនជាអ្វីដែលប្លែក ឬថ្មីនោះទេ។ លោកក៏បានអំពាវនាវឲ្យប្រទេសទាំងអស់គោរពគោលការណ៍ចិនតែមួយ។ លោក ស៊ីជិនភីង បានពន្យល់យ៉ាងលម្អិតអំពីគោលជំហរជាគោលការណ៍របស់លោកលើបញ្ហាតៃវ៉ាន់ ហើយបានចង្អុលបង្ហាញថាបញ្ហាតៃវ៉ាន់តែងតែជាបញ្ហាសំខាន់បំផុត និងរសើបបំផុតនៅក្នុងទំនាក់ទំនងចិន-អាម៉េរិក។ ប្រទេសចិនយកចិត្តទុកដាក់ចំពោះសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយសហរដ្ឋអាម៉េរិកនៅឯកោះបាលី សហរដ្ឋអាម៉េរិកគួរតែឆ្លុះបញ្ចាំងពីសេចក្តីថ្លែងការណ៍របស់ខ្លួនថា ខ្លួនមិនគាំទ្រ 'ឯករាជ្យតៃវ៉ាន់' ហើយត្រូវតែបញ្ឈប់ការផ្តល់ជំនួយអាវុធតៃវ៉ាន់ និងគាំទ្រការបង្រួបបង្រួមដោយសន្តិវិធីរបស់ចិន។ យោងតាមការស៊ើបអង្កេតរបស់ក្រុមចារកម្មរបស់សហរដ្ឋអាម៉េរិកបានអះអាងថាលោក ស៊ី ក៏បានណែនាំយោធារបស់ចិនឱ្យ "ត្រៀមខ្លួនជាស្រេចនៅឆ្នាំ ២០២៧" ដើម្បីវាយលុកកោះតៃវ៉ាន់ផងដែរ ក៏ប៉ុន្តែការអះអាងរបស់អាម៉េរិកនេះត្រូវបានចិនច្រានចោលទាំងស្រុង៕