ភ្នំពេញ៖ ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) នៅថ្ងៃទី ២០ ធ្នូ បានសហការជាមួយ សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្តកម្ពុជា (CamTech) បង្កើតបន្ទប់បណ្តុះបណ្តាលពិសោធន៍ ដើម្បីជួយបណ្ដុះបណ្ដាលអ្នកទេពកោសល្យ ICT បន្ថែមទៀត។ការសហការគ្នានេះ បានធ្វើឡើងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការសាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្តកម្ពុជា។
យោងតាមសេចក្តីរាយការណ៍ថា ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) និង សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្តកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការបង្កើតបន្ទប់បណ្តុះបណ្តាលពិសោធន៍ ដែលចុះហត្ថលេខាដោយលោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) និង លោក Du Zenghui នាយកប្រតិបត្តិភាគីចិននៃវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្តកម្ពុជា។
អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្តកម្ពុជា បានថ្លែងចាត់ទុក ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) គឺជាក្រុមហ៊ុនដំបូងគេដែលបង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា។ អ្នកឧកញ៉ា បានវាយតម្លៃខ្ពស់អំពីក្រុមហ៊ុន Huawei (កម្ពុជា) សម្រាប់ការគាំទ្រយ៉ាងសកម្មក្នុងវិស័យអប់រំ និង ការអប់រំបណ្តុះអ្នកទេពកោសល្យផ្នែកបច្ចេកវិទ្យា និង វិទ្យាសាស្រ្តនៅប្រទេសកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Wu Yan អនុរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសចិន បានទៅទស្សនាបន្ទប់បណ្តុះបណ្តាលពិសោធន៍នៃបច្ចេកវិទ្យា Huawei ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Huawei ដែលបានចូលរួមចំណែកជួយវិស័យសង្គមកម្ពុជាយ៉ាងយូរមក និងបន្តផ្តល់ឱកាសសិក្សាកម្រិតខ្ពស់ដល់យុវជនកម្ពុជា និងបានជួយបណ្ដុះបណ្ដាលអ្នកទេពកោសល្យឆ្នើមក្នុងវិស័យព័ត៌មានវិទ្យា។
លោក Wu Yan អនុរដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងអំណរគុណ និង កោតសរសើរចំពោះក្រុមហ៊ុន ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) សម្រាប់ការបង្កើតបន្ទប់បណ្តុះបណ្តាលពិសោធន៍ ការនាំយកការអនុវត្តដ៏ល្អបំផុតជាសកល និងបច្ចេកវិទ្យាចុងក្រោយបង្អស់ និងការរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះអ្នកទេពកោសល្យវិជ្ជាជីវៈនៅប្រទេសកម្ពុជា។
យោងតាមរបាយការណ៍ ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) បានសហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលជាក់ស្តែង ដើម្បីបណ្តុះបណ្តាលគុណភាពវិជ្ជាជីវៈ និងសមត្ថភាពជាក់ស្តែងរបស់និស្សិតមហាវិទ្យាល័យ៕