Cctime 6monthsfree desktop
Cc times  web banner kh (2)

ទោះការងារជាឆ្មាំទន្លេមានហានិភ័យខ្ពស់តែលោក អ៊ុំ សុភា មានឆន្ទៈក្នុងការធ្វើការជាអ្នកការពារផ្សោត

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ លោក អ៊ុំ សុភា បានធ្វើការជាឆ្មាំទន្លេ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ អស់រយៈពេលជាង៤ឆ្នាំមកហើយ។ ការងារជាឆ្មាំទន្លេ លោក អ៊ុំ សុភា មានផលវិបាកច្រើន និងប្រឈមនឹងហានិភ័យខ្ពស់ ពិសេសអំឡុងពេលចុះល្បាតនៅពេលយប់ ដែលមានភ្លៀង និងខ្យល់ ជាដើម។ ប៉ុន្ដែទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយក៏លោក អ៊ុំ សុភា មានឆន្ទៈក្នុងការធ្វើការងារជាអ្នកការពារ និងអភិរក្សសត្វផ្សោត ហើយក្រុមគ្រួសាររបស់លោក និងរូបលោកផ្ទាល់ មានមោទនភាព ដែលបានរួមចំណែកជាផ្នែកតូចមួយក្នុងការធ្វើការងារដែលជួយដល់សង្គមជាតិ ពិសេសការការពារ និងអភិរក្សសត្វផ្សោត។

ថ្លែងប្រាប់អ្នកសារព័ត៌មានស៊ីស៊ីថាមស៍លោក អ៊ុំ សុភា បានឱ្យដឹងថា មុនពេលចូលបម្រើការជាឆ្មាំទន្លេ លោកធ្លាប់ធ្វើជាទាហាន។ បន្ទាប់ពីសម្រាកពីការងារជាទាហាននេះ លោកក៏បានចូលធ្វើការនៅក្នុងសហគមន៍។ បន្ទាប់មកទៀតរូបលោកក៏ត្រូវបានចាត់ឱ្យធ្វើជាឆ្មាំទន្លេ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ មកដល់បច្ចុប្បន្ននេះ លោក អ៊ុំ សុភា បានធ្វើការជាឆ្មាំទន្លេអស់រយៈពេលជាង៤ឆ្នាំមកហើយ។

ការងារជាឆ្មាំទន្លេមិនងាយស្រួលនោះទេ ជាពិសេសការចុះល្បាតនៅពេលយប់ និងមានភ្លៀងផ្គរ ជាដើម ប៉ុន្ដែប្រសិនបើមានភ្លើងខ្យល់ខ្លាំង ដែលមិនអាចល្បាតបន្ដបាន ទើបឡើងមកសម្រាកនៅប៉ុស្ដិ៍។ លោក អ៊ុំ សុភា ត្រូវចុះល្បាតរៀងរាល់៤ថ្ងៃម្ដង ដោយការចុះល្បាតម្ដងមានចំនួន៤យប់៤ថ្ងៃ និង២៤ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្ដែដោយព្រោះឆន្ទៈនៅក្នុងការការពារ និងអភិរក្សសត្វផ្សោត ទើបតស៊ូធ្វើការងារមួយនេះ បើទោះជាការងារបែបនេះ មានភាពហត់នឿយ និងមិនទទួលបានប្រាក់កម្រៃច្រើនក៏ដោយ។

លោក អ៊ុំ សុភា បានឱ្យដឹងទៀតថា នៅពេលចុះល្បាតម្ដងៗ លោកត្រូវជិះទូកទៅមកនៅតំបន់ការពារ និងរាវរកមង ដែលប្រជានេសាទដាក់ពង្រាយនៅតំបន់ដែលបានហាមឃាត់។ នៅពេលចាប់បានពួកគេអំឡុងពេលធ្វើសកម្មភាពនេសាទ ក៏មានការណែនាំប្រជានេសាទ ធ្វើយ៉ាងណាឱ្យពួកគេយល់ដឹងពីផលប៉ះពាល់របស់ឧបករណ៍នេសាទ ទៅលើសត្វផ្សោត។

ឆ្មាំទន្លេរូបនេះបានបន្ដទៀតថា បច្ចុប្បន្នប្រជានេសាទមានការយល់ដឹងច្រើនជាងមុនអំពីផលប៉ះពាល់របស់ឧបករណ៍នេសាទ ទៅលើអាយុជីវិតរបស់សត្វផ្សោត។ ខណៈដែលកាលពីមុននៅពេលចុះល្បាត ប្រជានេសាទបានប្រឆាំង ក៏ដូចជាតដៃជាមួយអាជ្ញាធរ នៅពេលចាប់យកឧបករណ៍នេសាទទាំងអស់នោះទៅបំផ្លាញចោល ដោយសារពួកគេមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ។ ពេលខ្លះត្រូវប្រឈមមុខគ្នា ដោយការមើលមុខគ្នាមិនចំជាដើម។ លោក អ៊ុំ សុភា បានបញ្ជាក់ថា ជាធម្មតានៅពេលដែលយើងចាប់យករបស់គេ ត្រូវគេខឹងបែបនេះហើយ ប៉ុន្ដែបច្ចុប្បន្នប្រជានេសាទមានការយល់ដឹងជាងពីមុន ទើបសកម្មភាពទាំងនោះមិនសូវមានដូចពីមុននោះទេ។

លោក អ៊ុំ សុភា បាននិយាយថា ការចាប់ផ្ដើមធ្វើការងារនេះដំបូង ក្រុមគ្រួសារមានការព្រួយបារម្ភច្រើនពីសុវត្ថិភាពអំឡុងពេលចុះល្បាត ប៉ុន្ដែបច្ចុប្បន្ននេះពួកគេត្រេកអរ ដែលក្នុងនាមលោកជាស្វាមី និងជាឪពុក ដែលមានការងារជាឆ្មាំទន្លេ បានចូលរួមសកម្មភាពធ្វើការងារដែលជួយដល់សង្គមជាតិ។ លោកមិនធ្លាប់គិតថាមានឱកាសធ្វើការងារជាឆ្មាំទន្លេ ហើយលោកមានមោទនភាពចំពោះខ្លួនឯង ដែលមានចំណែកនៅក្នុងការការពារ និងអភិរក្សសត្វផ្សោត ដែលត្រូវបានគេចាត់ទុកជារតនសម្បត្តិជាតិ។

លោក អ៊ុំ សុភា ក៏អំពាវនាវដល់ប្រជានេសាទទាំងអស់ដែលធ្វើការនេសាទនៅតំបន់ដែលគេហាមឃាត់ សូមបញ្ឈប់សកម្មភាពនេសាទ ព្រោះការនេសាទនៅតំបន់ដែលហាមឃាត់នេះ មានផលប៉ះពាល់ទៅដល់សត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ ដែលយើងទាំងអស់គ្នាគួរតែចូលរួមការការពារ និងអភិរក្សសត្វផ្សោត ព្រោះថាសត្វផ្សោតអាចឈានទៅរកការផុតពូជ ប្រសិនបើយើងមិនចូលរួមការការពារ និងអភិរក្សទាំងអស់គ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង