អារ៉ាប់រួម៖ អ្នកស្រី គឿង ណាវី បានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាវាគ្មិនជនជាតិពូនង (ព្នង) ដំបូងគេដែលតំណាងឱ្យសហគមន៍ជនជាតិដើមភាគតិចពូនង នៅក្នុងសន្និសិទកំពូលនៃបណ្ដាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ឆ្នាំ២០២៣ ដែលបានរៀបចំនៅទីក្រុងឌូបៃនៃសហភាពអេមីរ៉ាតអារ៉ាប់រួម (UAE) នៅឆ្នាំនេះ។
អ្នកស្រី គឿង ណាវី ជាស្ដ្រីជនជាតិដើមភាគតិចពូនងដំបូងគេ ដែលតំណាងឱ្យសហគមន៍ជនជាតិដើមភាគតិចពូនង ចូលរួមសន្និសិទ COP28។ នៅក្នុងព្រឹត្តិការណ៍នេះ អ្នកស្រី គឿង ណាវី បានលើកឡើងពីតួនាទីដ៏សំខាន់របស់ហិរញ្ញប្បទានកាបូននៅក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់សហគមន៍ជនជាតិដើមភាគតិច។ សំឡេងចេញពីភូមិតូចមួយក្នុងប្រទេសកម្ពុជាទៅកាន់មេដឹកនាំពិភពលោក សាររបស់នាងបានបន្ទរចំពោះការអំពាវនាវឱ្យមានការធ្វើសកម្មភាពរួមគ្នាក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅជុំវិញពិភពលោក។
សូមបញ្ជាក់ថា អ្នកស្រី គឿង ណាវី ជាតំណាងមកពីសហគមន៍ជនជាតិដើមភាគតិចពូនងក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែល USAID មរតកបៃតង បានសហការជាមួយ WCS Cambodia និងក្រសួងបរិស្ថាន ក្នុងការគាំទ្រគម្រោង រេដបូក កែវសីមា ក្នុងខេត្តមណ្ឌលគិរី។ គម្រោងរេដបូក កែវសីមា I Keo Seima REDD+ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ និងសត្វព្រៃ ក៏ដូចជាសុខុមាលភាពរបស់សហគមន៍ជនជាតិដើមភាគតិចពូនងក្នុង និងជុំវិញដែនជម្រកសត្វព្រៃកែវសីមាអស់ជាច្រើនទសវត្សរ៍មកហើយ៕