កម្ពុជា៖ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសគោលដៅសម្រាប់ដំណើរកម្សាន្ដរដូវរងារ ក៏ដូចពិធីឆ្លងឆ្នាំ ក្នុងចំណោម១០ប្រទេស។ ខណៈប្រទេសដែលជាប់ចំណាត់ថ្នាក់ទី១ គឺប្រទេសថៃ តាមពីក្រោយដោយប្រទេសវៀតណាម ចំណែកចំណាត់ថ្នាក់ចុងក្រោយគឺប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ក្រុមហ៊ុនទេសចរណ៍12Go របស់ប្រទេសសិង្ហបុរី។
តាមការចុះផ្សាយរបស់ក្រុមហ៊ុនទេសចរណ៍12Go បញ្ជីនៃទិសដៅទេសចរណ៍រដូវរងាកំពូលៗ គឺទិន្នន័យសំបុត្រ។ នៅក្នុងនោះ ប្រទេសឈានមុខគេក្នុងចំណោមគោលដៅទេសចរកំពូលទាំង ១០ គឺចំណាត់ថ្នាក់ទី១ បានទៅលើប្រទេសថៃ តាមពីក្រោយដោយប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌា កម្ពុជា ឥណ្ឌូនេស៊ី ស្រីលង្កា ឡាវ ម៉ាឡេស៊ី និងប្រទេសជប៉ុន។
គោលដៅទេសចរណ៍ ដែលបានធ្វើឱ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ទី៥ រួមមានទីក្រុងភ្នំពេញ ព្រះសីហនុ និងខេត្តសៀមរាប។ ចំណែកប្រទេសថៃ តំបន់ដែលជាគោលដៅទេសចរណ៍រួមមាន ឈៀងម៉ៃ បាងកក កោះ Phangan និងកោះ Samui។ ខណៈវៀតណាម មានទីក្រុង Da Nang ទីក្រុងហាណូយ ទីក្រុងហូជីមិញ និង សាប៉ា ជាគោលដៅទេសចរណ៍។
ហ្វីលីពីនដណ្តើមបានតំណែងទីបី ដោយសន្យាថានឹងមានការប្រារព្ធពិធីឆ្លងឆ្នាំប្លែក មានទីក្រុងម៉ានីល, ក្រុង Legazpi, Coron, El Nido, និង El Baguio ជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទីបួន មាន Agra, Jaipur និង Delhi ជាគោលដៅទេសចរណ៍។
ចំណាត់ថ្នាក់ទីប្រាំមួយ ឥណ្ឌូណេស៊ីផ្តល់កន្លែងទេសចរណ៍កំពូល កោះបាលី និងកោះហ្គីលី។ ប្រទេសស្រីលង្កាដណ្តើមបានទីតាំងទីប្រាំពីរ មាន Ella, Kandy, និង Nuwara Eliya ដែលជាគោលដៅល្អបំផុតរបស់ស្រីលង្កា។ ប្រទេសឡាវ មានគោលដៅទេសចរណ៍ដូចជា វ៉ាងវៀង វៀងច័ន្ទន៍ និងហ្លួងប្រាបាង។ Kuala Lumpur, Penang, និង Langkawi ជាគោលដៅទេសចរណ៍ល្បីៗរបស់ម៉ាឡេស៊ី។ ស្ថិតនៅលំដាប់ទីដប់ ប្រទេសជប៉ុន មាន អូសាកា តូក្យូ និងក្យូតូ គឺជាជម្រើសសម្រាប់ដំណើរកម្សាន្តឆ្លងឆ្នាំ ដែលទាក់ទាញអ្នកធ្វើដំណើរភាគច្រើន៕