681 ezgif.com resize
Moneygramott moi1280x163px

ជប៉ុនផ្តល់ថវិកាជាង ១ លានដុល្លារដល់កម្ពុជាសម្រាប់បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ១៩ ធ្នូ បានផ្តល់ថវិកាជាង១លាន ៣៩ម៉ឺនដុល្លារអាមេរិក ឱ្យមកកម្ពុជា ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោម គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលអនុវត្តដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ ។ កិច្ចសន្យាជំនួយក្រោមគ្រោងការណ៍ឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននេះ ត្រូវបានចុះហត្ថលេខា ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ។

អង្គការ JMAS បានចូលរួមក្នុងសកម្មភាពគាំទ្រការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពី ឆ្នាំ ២០០២ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ដែលត្រូវបានអនុវត្ត នៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានផ្តល់ជំនួយជាង ១៥០ គម្រោង នៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីនេះ ហើយគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

នៅក្នុងឆ្នាំ ទី៣ នៃការអនុវត្តគម្រោងនេះ ដូចក្នុងឆ្នាំទី ១ និងទី ២ ដែរបន្ថែមលើការបោសសម្អាត គ្រាប់បែកចង្កោមក្នុងខេត្តស្ទឹងត្រែង និងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តបន្ទាយមានជ័យ អង្គការ JMAS នឹងបន្តផ្តល់ការអប់រំ អំពីការជៀសវាងពីគ្រោះថ្នាក់និងផ្តល់ជំនួយផ្នែកកសិកម្ម។ គម្រោងទាំងពីរដែលបានចុះហត្ថលេខានៅថ្ងៃនេះ នឹងកាត់បន្ថយការរងគ្រោះរបស់មនុស្សដែលបណ្តាលមកពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះធ្វើឱ្យការរស់នៅរបស់ប្រជាជន ក្នុងតំបន់រងគ្រោះមានសុខសន្តិភាព និងភាពប្រសើរជាងមុនព្រមទាំងរួមចំណែក ក្នុងការសម្រេចបាននូវការបោសសម្អាតគ្រាប់មីន ប្រឆាំងមនុស្សឱ្យបានរួចរាល់ទាំងស្រុង នៅត្រឹមឆ្នាំ ២០២៥ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង