ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី១៩ ធ្នូ នេះ ត្រូវបានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ នៅក្នុងពិធីបើកបវេសនកាលនេះ មានការចូលរួមពីនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបប្រមាណ ៤០០នាក់។
នាឱកាសបើកបវេសនកាលនេះ លោក ឈាង រ៉ា បានផ្តល់អនុសាសន៍ណែនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីយកទៅអនុវត្តពង្រឹងគុណភាពបណ្តុះបណ្តាលបន្ថែមទៀត និងបានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងទីតាំងកម្មសិក្សាផ្សេងៗទៀតទាំងអស់ ឱ្យបន្តគាំទ្រសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការជួយផ្តល់នូវសាស្រ្តាចារ្យ មកបង្រៀន នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងផ្តល់សាស្រ្តាចារ្យជួយពង្រឹងគុណភាពកម្មសិក្សា ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ជាមួយគ្នានោះ លោក ឈាង រ៉ា ក៏បានផ្តាំផ្ញើដល់ និស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យអស់ពី កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ព្រមទាំងត្រូវខិតខំលើកកម្ពស់ និងគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈ។