
ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី១៨ ធ្នូ បានបើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួងជាលើកដំបូង ពីការបង្កើត និងគ្រប់គ្រងទារកដ្ឋាន ក្នុងគោលដៅជួយសម្រាលបន្ទុកមាតាបិតា ក៏ដូចជាបន្ថែមការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សតាំងពីវ័យក្មេង តបតាមអនុសាសន៍របស់ សម្ដេច ហ៊ុន ម៉ាណែត ដែលកំណត់ការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាព និងត្រូវយកចិត្តទុកដាក់តាំងពីតូច ក៏ដូចជាចង់ឱ្យមាមានទារកដ្ឋានសម្រាប់គ្រួសារកម្មករ និយោតជិតនៅតាមសហគ្រាសរោងចក្រ។
ក្រសួងអប់រំ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាលើកដំបូង ស្ដីពីការបង្កើត និងគ្រប់គ្រងទារកដ្ឋាន។គោលបំណងនៃ កិច្ចប្រជុំនេះ គឺដើម្បីកំណត់ក្របខ័ណ្ឌរៀបចំសេចក្តីព្រាង ចែករំលែកទស្សនទាន និងបទពិសោធន៍ទូទៅ ឈានឆ្ពោះទៅបង្កើតទារកដ្ឋានសហគមន៍មួយប្រកបដោយវិជ្ជាជីវៈ និងនិរន្តភាព ក្នុងគោលដៅចូលរួមជួយសម្រាលបន្ទុកមាតាបិតាបានមួយកម្រិតធំ ក៏ដូចជាបន្ថែមការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សតាំងពីវ័យក្មេង។ ជាពិសេសផ្ដល់ការយកចិត្តទុកដាក់ដល់កុមារតាំងពីតូច ក៏ដូចជាចង់ឱ្យមាមានទារកដ្ឋានសម្រាប់គ្រួសារកម្មករ និយោតជិតនៅតាមសហគ្រាសរោងចក្រ។
កិច្ចប្រជុំនេះ ផ្ដោតការពិភាក្សាសំខាន់លើការវិភាគផលប៉ះពាល់ បន្ទុកចំណាយ និងផលចំណេញនៃការរៀបចំបង្កើតទារកដ្ឋាន និងសិក្សាបញ្ហាប្រឈមនានា បង្កើតជាស្ដង់ដាទារកដ្ឋាន និងការរៀបចំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធក្នុងការតាក់តែងសេចក្តីព្រាងអនុក្រឹត្យ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះមានការចូលរួម ពីភាគីពាក់ព័ន្ធ ដែលរួមមាន អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច អគ្គនាយកបច្ចេកទេសសុខាភិបាល, ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នាយកមជ្ឈមណ្ឌលគាំពារមាតា និងទារកនៃក្រសួងសុខាភិបាល, អគ្គនាយកដ្ឋានការងារ, ប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម, ក្រសួងការងារ និងភាគីពាក់ព័ន្ធ ជាច្រើនទៀត៕
