អាម៉េរិក៖សារមន្ទីរ Metropolitan Museum (MET) នៃទីក្រុងញូវយ៉ក សាហរដ្ឋអាម៉េរិក ប្រគល់វត្ថុបុរាណចំនួន២រូបទៅឱ្យប្រទេសថៃវិញ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរទេសថៃ។រូបបដិមាបុរាណចំនួន២នោះ ត្រូវបានគេមើលឃើញថា មានកេរ្តិ៍ឈ្មោះល្បីខ្លាំង ហើយបើលក់ក្នុងតម្លៃទីផ្សារដេញថ្លៃបច្ចុប្បន្នប្រមាណជាង ៣០លានដុល្លារ។ការសម្រេចប្រគល់រូបបដិមា២រូបដល់ប្រទេសថៃនៅពេលនេះ ធ្វើឡើងស្របពេលដែលកម្ពុជាក៏ទទួលបានវត្ថុបុរាណចំនួន១៤រូបពីសារមន្ទីរអាម៉េរិកផងដែរ។
រូបបដិមាដែលសារមន្ទីរអាម៉េរិកប្រគល់ត្រឡប់ទៅវិញឱ្យប្រទេសថៃមានជាអាទិ៍៖ រូបបដិមាសំរឹទ្ធដ៏ល្បីល្បាញហៅថា Golden Boy មានកេរ្តិ៍ឈ្មោះល្បីខ្លាំង ហើយបើលក់ក្នុងតម្លៃទីផ្សារដេញថ្លៃបច្ចុប្បន្នប្រមាណជាង ៣០លានដុល្លារ និងរូបទី២ គឺរូបបដិមាសំរិទ្ធស្រ្តីក្នុងឋានៈខ្ពង់ខ្ពស់លើកដៃប្រណមទួលខាងលើក្បាល កំពស់ប្រមាណ ៤៩ស.ម។
បើតាមក្រសួងការបរទេស នាយកដ្ឋានវិចិត្រសិល្បៈ របស់ប្រទេសថៃ បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៧មក ក្រុមការងារនេះ បានធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណរបស់ថៃបានដោយជោគជ័យជាច្រើនដោយក្នុងនោះមាន៖ តួប៉មប្រាសាទ Nong Hong ក្នុងខេត្ត Buri Ram រូបចម្លាក់ឈើចំនួន ១៣ និង វត្ថុបុរាណពីតំបន់បុរាណវិទ្យា Ban Chiang ។
សារមន្ទីរ Metropolitan Museum of Art បានសន្យាថានឹងប្រគល់ស្នាដៃសិល្បៈបុរាណជាងរាប់សិបទៅប្រទេសកម្ពុជា និងប្រទេសថៃ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានទំនាក់ទំនងរបស់ពួកគេទៅនឹងឈ្មួញសិល្បៈ Douglas Latchford ដែលត្រូវបានចោទប្រកាន់ពីបទបើកបណ្តាញជួញដូរវត្ថុបុរាណនៅអាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា ការប្រគល់វត្ថុបុរាណដល់ថៃនៅពេលនេះ ធ្វើឡើងចំពេលដែលកម្ពុជាត្រៀមទទួលវត្ថុបុរាណចំនួន១៤មកកម្ពុជាផងដែរ។កម្ពុជា និង ថៃចាត់ទុកសកម្មភាពនេះ គឺជាកិច្ចខិតខំប្រឹងប្រែងឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសមូហភាពអំពីសារៈសំខាន់នៃការស្ដារឡើងវិញនូវបេតិកភណ្ឌវប្បធម៌ទៅកាន់ប្រភពដើមត្រឹមត្រូវ៕