ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញនូវសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនឹងចុះត្រជាក់ ដោយក្នុងនោះសីតុណ្ហភាពអប្បបរមានៅពេលព្រឹក ១៥-២៣°C ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
បើតាមក្រសួងបានឲ្យដឹងថា ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិនសីតុណ្ហភាពអប្បបរមាពី ១៥-១៦°C។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែងសីតុណ្ហភាពអប្បបរមាពី ១៧-១៩°។
រីឯនៅភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី ២០-២៣°C។ នៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី១,៥០-២,០០ ម៉ែត្រ។
អាស្រ័យពីស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ ក្រសួងបានអំពាវនាវដល់សាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕