ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម ឱ្យប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី ត្រូវរួសរាន់ទៅទិញត្រី ក្នុងរដូវនេសាទ ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល និងភ្នំពេញ ចាប់ពីថ្ងៃទី១៩-២៥ ធ្នូ ។
ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ ត្រីចាប់ផ្តើមបន្លាស់ ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និង ទន្លេបាសាក់ ដែលអំណោយ ផលដល់ការធ្វើនេសាទ បានត្រីច្រើន ជាពិសេសគន្លងដាយត្រី តាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងភ្នំពេញ ចាប់ថ្ងៃទី១៩-២៥ ធ្នូ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ដូច្នោះ ពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី ត្រូវរួសរាន់ទៅមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្ដីជូនដំណឹងនេះ។
គួរបញ្ជាក់ថា រដ្ឋបាលជលផល ក៏បានសំណូមពរដល់អាជ្ញាធរ មូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាបង្ក លក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ៕