ភ្នំពេញ៖ អង្គការអុកស្វាម នៅថ្ងៃទី ១៨ ធ្នូនេះ បានរៀបចំវេទិកាប្រចាំឆ្នាំរបស់ខ្លួន ជាមួយកម្មករនិយោជិក និងភាគីពាក់ព័ន្ធនានា ហើយក្នុងនោះអង្គការនេះ បានរកឃើញថា វិសាលភាពគ្របដណ្តប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស) នៅមិនទាន់បានទូលំទូលាយនៅឡើង ជាពិសេសការទទួលបាននូវប្រយោជន៍ ក៏ដូចជាគុណភាពសេវាកម្មរបស់អ្នកប្រើប្រាស់ប័ណ្ណសមាជិកប.ស.ស។
លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជានិងស្ថាប័នពាក់ព័ន្ធនានាបានប្រឹងប្រែងរៀបចំ និងដាក់ឲ្យអនុវត្តនូវគោលនយោបាយ និងកម្មវិធីជាតិសំខាន់ៗជាច្រើន នាពេលថ្មីៗនេះ ជាពិសេសនៅក្នុងរដូវកាលកូវីដ១៩ រហូតដល់បច្ចុប្បន្ន ដែលក្នុង នោះមាន កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារអ្នករងគ្រោះពីកូវីដ មាតានិងទារក, ប្រាក់ឧបត្ថម្ភមាតុភាព គ្រួសារ អ្នករងគ្រោះពីអតិផរណា ការពង្រីកវិសាលភាពគ្របដណ្តប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម តាមរយៈកម្មវិធី សាកល្បងការទទួលបានការថែទាំសុខភាពដល់បុគ្កលស្វ័យនិយោជន៏, និងសេវាកម្សាន្តទេសចរណ៏ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ, កម្មវិធីប្រាក់សោធនសម្រាប់កម្មករ ជាដើម។
លោកស្រី ភាណ សោភ័ណ បានបន្ដថា អង្គការអុកស្វាមបានចុះជួបប្រជាពលរដ្ឋផ្ទាល់ ដោយពួកគេបានលើកឡើងអំពីវិសាលភាពគ្របដណ្ដប់នៃការគាំពារ, កង្វះព័ត៌មាន, និងកង្វះសេវាថែទាំកុមារតូច ហើយអ្វីដែលបានលើកឡើងជាអ្វីដែលរដ្ឋាភិបាលបានធ្វើរួចហើយ ប៉ុន្ដែវិសាលភាពនៅមិនទាន់គ្រប់គ្រាន់។ ជាពិសេសថ្មីៗនេះ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការមួយ ដើម្បីឱ្យប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកចុះឈ្មោះជាសមាជិករបបសន្ដិសុខសង្គម ដើម្បីទទួលបានប្រយោជន៍ ក៏ដូចជាសេវាកម្មពីប.ស.ស.។ នៅពេលទទួលសេវាកម្ម អង្គការអុកស្វាមមើលឃើញថាគុណភាពនៃការផ្ដល់សេវា នៅមិនទាន់ប្រសើរនៅឡើយ។ ដូច្នេះអង្គការអុកស្វាម មានបំណងធ្វើយ៉ាងណាដើម្បីជំរុញឱ្យតម្លៃសេវាភាគទានរបស់ពួកគេ គួរតែត្រូវបានតបស្នងត្រឡប់មកវិញ។
អង្គការអុកស្វាម បានស្នើសុំឱ្យពង្រីកការទទួលបានប័ណ្ណសមាជិក ប.ស.ស. ក្នុងចំណោមកម្មករនិយោជិត ដោយធ្វើការពង្រឹង យន្តការជំរុញ និងតាមដានការចុះបញ្ជីការ និងបង់ភាគទាន ប.ស.ស. ក្នុងចំណោមនិយោជក (ឬថៅកែ) ជូនដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ កសិឧស្សាហកម្ម សំណង់ និងកម្មករនិយោជិតក្នុងវិស័យដឹក ជញ្ជូន និងសេវាកម្ម។ ជាពិសេស ស្នើសុំពង្រឹងបរិយាបន្នភាព និងការទ្រទ្រង់ តាមរយៈការពង្រីកដែនគ្រប់ដណ្តប់ និងបង្កើនកញ្ចប់អត្ថ ប្រយោជន៏របបសន្តិសុខសង្គម ជូនដល់ប្រជាពលរដ្ឋ និងសមាជិកទាន។
លើសពីនេះ គឺការពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការផ្សព្វផ្សាយ ក៏ដូចជាពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាគោលនយោបាយ រវាងនិយតករ និងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម ជាមួយតំណាងអង្គការសង្គមស៊ីវិល, ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ដើម្បីស្តាប់កង្វល់ សំណើរ និងចងក្រងធាតុចូលនានា ដែលមានសារៈសំខាន់ ដល់ការតាក់តែងគោលនយោបាយ របបសន្តិសុខសង្គមសង្គម ឱ្យបានទូលំទូលាយ ឆ្លើយតបយេនឌ័រ និងប្រកបដោយបរិយាបន្ន។
បន្ថែមពីនេះ អង្គការអុកស្វាម ស្នើសុំពង្រឹងយន្តការគណនេយ្យភាពសង្គម, យន្តការទិតៀន និងឆ្លើយតប ក្នុងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងទំនុកចិត្ត និងដំណោះស្រាយជូនដល់សមាជិកទាន។ បញ្ចូល និងរៀបចំកម្មវិធីសម្រាប់ការថែទាំកុមារតូចរបស់រដ្ឋ ដើម្បីជួយសម្រួលដល់ស្ត្រីជាម្ដាយរបស់កុមារតូចឲ្យបានបំពេញការងារ និងប្រកបរបរបានពេញលេញ ដោយសារស្ត្រីនៅជួបប្រទះក្នុងការ បាត់បង់មុខរបរ និងការងាររកប្រាក់ចំណូល ព្រោះពួកគេត្រូវឈប់ពីការងារ និងការប្រកបរបរ ដោយត្រូវនៅ ថែរក្សាទារក និងកូនតូច (ទាំងអ្នកនៅក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ)៕