ភ្នំពេញ៖ របបសន្ដិសុខសង្គម និងអង្គការអុកស្វាម នាថ្ងៃទី១៨ ធ្នូ នេះ បានសហការរៀបចំវេទិកាប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា»។ វេទិកាប្រចាំឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងបង្កើតឱ្យមានកិច្ចពិភាក្សាគោលនយោបាយ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយរវាងអ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ និងអ្នកផ្តល់សេវាក្នុងក្របខណ្ឌរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត និងដើម្បីជំរុញកម្ពុជាឱ្យឆ្ពោះទៅប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបនឹងយេនឌ័រ និងជាសកល។
វេទិកាប្រចាំឆ្នាំនេះ គឺជាវេទិកាលើកដំបូង ដែលរៀបចំឡើងទៅតាមសំណូមពររបស់ថ្នាក់ដឹកនាំ មូលដ្ឋាន និងតំណាងកម្មករនិយោជិត តាមរយៈវេទិកាថ្នាក់តំបន់ចំនួន៣ធំៗ ដែលបានរៀបចំកន្លងមក ជាបន្តបន្ទាប់នៅតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ មានដូចជា ខេត្តសៀមរាប ព្រះសីហនុ និងខេត្តស្វាយរៀង ចាប់ពីខែកក្តដា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ វេទិកានៅខេត្តទាំងបីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មូលដ្ឋាន និងតំណាងកម្មករនិយោជិតសរុបប្រមាណជា ៨០០នាក់ តំណាងឱ្យកសិករ, កម្មករនិយោជិតក្នុងវិស័យ កាត់ដេរ យុវជន និងសហគមន៍នៅខេត្តព្រះសីហនុ កែប កំពត កោះកុង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ។
តាមរយៈវេទិកាថ្នាក់តំបន់ទាំងបីនេះហើយ ដែលថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករ និយោជិតមកពីគ្រប់វិស័យមានឱកាសពិភាក្សា លើកជាកង្វល់ និងសំណូមពរទៅអ្នកឯកទេស និងតំណាង ក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ តំណាងក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័នជំនាញ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីស្វែងរកដំណោះស្រាយ និងកិច្ចអន្តរគមន៍គោលនយោបាយ នានាដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារ សង្គមប្រកបដោយបរិយាបន្នឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា បេសកកម្មរបស់ អង្គការអុកស្វាម គឺដើម្បីលុបបំបាត់ភាពក្រីក្រ និងអយុត្តិធម៌ ហើយអង្គការអុកស្វាមបានប្តេជ្ញាធ្វើការជាមួយ និងគាំទ្ររដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងចំណោមកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ កសិករខ្នាតតូច កម្មករធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាស្ត្រី ដើម្បីធានាលទ្ធភាពរបស់ពួកគេក្នុងការទទួលបានរបបសន្តិសុខសង្គម។ ការទទួលបានការគាំពារសង្គម គឺមានសារៈសំខាន់ណាស់សម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ព្រោះវាជួយទ្រទ្រង់ សុខុមាលភាពរបស់ពួកគេ បង្កើនភាពធន់ និងកាត់បន្ថយហានិភ័យនានាដែលបណ្តាលពីគ្រោះមហន្តរាយ ឬជំងឺរាតត្បាតជាសកល និងទប់ស្កាត់ការធ្លាក់ចូលទៅក្នុងស្ថានភាពក្រីក្រជាដើម។
តាមរយៈគម្រោង និងកិច្ចសហការទាំងនេះ ពលរដ្ឋ ថ្នាក់ដឹកនាំមូលដ្ឋាន និងកម្មករនិយោជិត ជាច្រើននាក់បានទទួលព័ត៌មានពីសិទ្ធិ អត្ថប្រយោជន៍ និងសារៈសំខាន់នៃគោលនយោបាយសន្តិសុខ សង្គម។ រាជរដ្ឋាភិបាល ក៏បានធ្វើការពង្រីកដែនគ្របដណ្តប់ បង្កើនអត្ថប្រយោជន៍នៃរបប សន្តិសុខសង្គម និងកម្មវិធីជំនួយសង្គម ក៏ដូចជាការពង្រឹងយន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គម កម្ពុជាផងដែរ។ ទាំងនេះបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងទំនាក់ទំនងល្អ និងទំនុកចិត្តពី សាធារណៈជន ទៅលើអ្នកផ្តល់សេវា អ្នករាជការសាធារណៈ និងអ្នកតាក់តែង គោលនយោបាយផងដែរ។ ហើយអ្វីដែលពិសេសទៀតនោះ គឺបានចូលរួមកសាង និងពង្រឹងភាពធន់ លើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្ននៅក្នុងសង្គមកម្ពុជាឱ្យបានកាន់តែល្អប្រសើរឡើង៕