681 ezgif.com resize
Moneygramott moi1280x163px

សារមន្ទីរអាម៉េរិក Metropolitan នឹងប្រគល់«វត្ថុបុរាណខ្មែរ»ចំនួន១៤រូប មកកម្ពុជាវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

អាម៉េរិក៖ សារមន្ទីរ Metropolitan Museum (MET) នៃទីក្រុងញូវយ៉ក សាហរដ្ឋអាម៉េរិក បានធ្វើសេចក្តីសន្យាជាផ្លូវការថានឹងប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូប ដែលជាសមុច្ច័របស់ខ្លួន ប្រគល់ត្រឡប់មកកម្ពុជាវិញ។ នេះជាលទ្ធផលមួយរបស់ក្រសួងវប្បធម៌ ក្នុងការចរចារអស់រយៈពេលជាច្រើនឆ្នាំ ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូ ដើម្បីទាមទារវត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។ ក្នុងចំណោមវត្ថុបុរាណទាំង១៤រូប នេះមានរូបចម្លាក់ដែលចាស្នាដៃឯកមួយចំនួនដូចជា៖ ទេពស្រី (ព្រះនាងឧមា) ធ្វើអំពីថ្មភក់ និងព្រះកេសព្រះលោកេសូរ ធ្វើអំពីសំរឹទ្ធ។

ក្រសួងវប្បធម៌កម្ពុជា បានឲ្យដឹងថា បន្ទាប់ពីការចរចាអស់ រយៈពេលជាច្រើនឆ្នាំ រវាងការិយាល័យរដ្ឋអាជ្ញាអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ(HSI) និងក្រុមការងារកម្ពុជា ជាមួយនឹងសារមនី្ទរ MET, វត្ថុបុរាណខ្មែរចំនួន ១៤រូប នៃសមុច្ច័យរបស់សារមន្ទីរ MET នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ។

តាមរយៈកិច្ចសហការ និងការចែករំលែកព័ត៌មានរវាងក្រុមការងារកម្ពុជា និងសមត្ថកិច្ចអាមេរិក សារមន្ទីរ MET បានផ្តល់ការសន្យាជាផ្លូវការមួយ ក្នុងការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណ ខ្មែរចំនួន១៤រូបនេះ, ការអនុញ្ញាតឱ្យមន្ត្រីជំនាញកម្ពុជា ធ្វើកោសល្យវិច្ច័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត និងការពិនិត្យសិក្សាឯកសារនានាពាក់ព័ន្ធនឹងសមុច្ច័យរបស់កម្ពុជា។ 

ក្នុងចំណោមវត្ថុទាំង១៤រូបដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមានស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយក នៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយ នៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ, ព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ឌូគ្លីស ឡាដហ្វដ (Douglas Latchford) នៅឆ្នាំ១៩៩២។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហ ប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរបស់រដ្ឋអាជ្ញាសហរដ្ឋអាមេរិក លោក Damian Williams ការិយាល័យ រដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ពិសេសលោកស្រី Jessica Feinstein និង លោក Shiva Logarajah, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងភ្នាក់ងារពិសេស លោក John P. Labbat ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងនៅក្រៅប្រទេស និងក្នុងប្រទេសកម្ពុជា ជាពិសេសថ្លែងអំណរគុណដល់ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ និងក្រុមការងារក្រសួងវប្បធម៌និងវិចត្រសិល្បៈ៕


Khcct banner

អត្ថបទទាក់ទង