681 ezgif.com resize
Moneygramott moi1280x163px

«មជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះ»ដាក់ឱ្យប្រើប្រាស់ស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បន្ទាយមានជ័យ៖ មជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នឹងដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី១៨ ធ្នូ ស្អែកនេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលតាមការគ្រោងទុក នឹងមានអ្នកចូលរួមពិធី ប្រមាណ១,៤៣៣នាក់។

តាមរយៈកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ក្រសួងសង្គមកិច្ច បានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលថៃនូវអគារមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត សម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២,១៩៩,៩២០.០០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩,៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ត្រូវបានបង្កើតឡើងដោយប្រកាស លេខ១៧៤៩ ស.អ.យ. ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលនេះ ត្រូវបានប្រារព្ធពិធីប្រគល់-ទទួល ជានិមិត្តរូប កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ប៉ុន្តែមិនទាន់បានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការផ្លូវការនៅឡើយ។ ដូច្នេះក្រសួងសង្គមកិច្ច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៨ ធ្នូ ស្អែកនេះ៕

Khcct banner

អត្ថបទទាក់ទង