681 ezgif.com resize
Swift cc time

រដ្ឋមន្ដ្រីអប់រំ៖ ការអាននៅក្នុងសម័យបច្ចេកវិទ្យា គឺដើម្បីលើកម្ពស់បំណិនសតវត្សទី២១

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អំណាន គឺជាមូលដ្ឋានគ្រឹះ នៃការសិក្សា ដែលត្រូវតែបណ្ដុះតាំងពីកុមារ ហើយអំណានជាប្រភពនៃចំណេះដឹង។ ការអានគឺជាផ្នែកមួយនៃការកម្សាន្ដ ប៉ុន្ដែការអានក្នុងយុគសម័យថ្មី សតវត្សទី២១ គឺជាការអាន ដើម្បីលើកម្ពស់បំណិនសតវត្សទី២១ ដែលចេះវិភាគទស្សនអ្នកនិពន្ធ ស៊ីជម្រៅ ដើម្បីទទួលយកបំណិនវិជ្ជា និង ជាការអានដើម្បីបង្កើតអ្វីដែលថ្មី។

បើតាមប្រសាសន៍ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានឱ្យដឹងថា អំណាននៅក្នុងយុគសម័យបច្ចេកវិទ្យា ជាអំណាន ដែលអានដើម្បីទទួលបាននូវបំណិនសតវត្សទី២១។ បំណិនសតវត្សទី២១ គឺបំណិនត្រិះរិះពិចារណា បំណិនដោះស្រាយបញ្ហា និងបំណិនធ្វើការងារជាក្រុម។ ការអាននៅក្នុងសម័យបច្ចេកវិទ្យា គឺអានដើម្បីគិត ហើយអានរួមគ្នាដើម្បីចេះវិភាគស្នាដៃ។

លោក ហង់ជួន ណារ៉ុន បានបន្ដថា ការអានគឺដើម្បីកម្សាន្ដ ប៉ុន្ដែការអាននៅក្នុងសតវត្សទី២១ គឺការអានចេះវិភាគទស្សនអ្នកនិពន្ធ ស៊ីជម្រៅ បូកសរុប ដោះស្រាយបញ្ហា ចេះធ្វើការងារជាក្រុម និង អានដើម្បីលើកកម្ពស់សហគ្រិនភាព និងលើកកម្ពស់ភាពជាអ្នកដឹកនាំ ក៏ដូចជាអានដើម្បីចាប់យកជំនាញបច្ចេកវិទ្យាផង និងជំនាញឌីជីថលផង ដើម្បីទទួលយកបំណិន។

លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍បន្ដទៀតថា ដើម្បីជំរុញការអានឱ្យមានប្រសិទ្ធភាពក្រសួងអប់រំ បានរៀបចំកញ្ចប់អំណានដំបូង បានប្រមូលផ្តុំវិធីសាស្ត្រអំណាន ក៏ដូចជារៀបចំជាសៀវភៅ និងបណ្ណាល័យដែលមានសៀវភៅ ៦កម្រិត ដើម្បីបង្រៀនកុមារឲ្យមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការអានឈានទៅចាប់យកចំណេះដឹងជាច្រើនទៀត។ បណ្ដុះការការស្រឡាញ់សៀវភៅ និងបណ្ដុះទម្លាប់អានតាំងពីកុមារ ទម្លាប់នេះនឹងជាប់ជាមួយកុមារ រហូតពេញមួយជីវិត។

ជាមូយគ្នានោះ ដើម្បីលើកម្ពស់អំណាននៅក្នុងសតវត្សទី២១ អ្នកនិពន្ធមានដៃគូរប្រកួតប្រជែងដ៏មានប្រសិទ្ធភាពគឺបច្ចេកវិទ្យា ដោយសារយុវជននាពេលបច្ចុប្បន្ននេះ ប្រើប្រាស់បច្ចេកវិទ្យាច្រើន។ ដូច្នេះអ្នកនិពន្ធត្រូវចេះបង្កើតថ្មី និងរកវិធីសាស្ដ្រទាក់ទាញដើម្បីឱ្យយុវជនជំនាន់ថ្មីស្រឡាញ់សៀវភៅ និងអានសៀវភៅ៕

Khcct banner

អត្ថបទទាក់ទង