ខេត្តកែប៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប នៅថ្ងៃទី ១៤ ធ្នូនេះ បានជូនដំណឹងអំពីការផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៦០០នាក់ លើមុខជំនាញសំខាន់ៗចំនួន ៨ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។
យោងតាមមជ្ឈមណ្ឌលការបណ្តុះបណ្តាលជំនាញចំនួន ៨ មានដូចជា ការងារកំបោរ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និងការជួសជុលរថយន្ត, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មកុំព្យូទ័រ, សេវាកម្មសម្អាងកាយ ការកែច្នៃបន្លែ និងផ្លែឈើ។ ក្នុងការសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ យុវជនត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ។
មជ្ឈមណ្ឌលបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វិទ្យាស្ថាននឹងផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ជាពិសេសនោះគឺកន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ។ បន្ទាប់ពីបញ្ជាប់វគ្គបណ្តុះបណ្តាលនេះយុវជននឹងទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសសិក្សាបន្ត ផងដែរ ។
គួរបញ្ជាក់ថា ការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល៕