សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានគំរាមបំផ្លាញប្រទេសកូរ៉េខាងជើង ប្រសិនបើកូរ៉េខាងជើងហានបង្កសកម្មភាព អសន្តិសុខ និងចលាចលដល់ប្រទេសកូរ៉េខាងត្បូង។ ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបាននិយាយកាលពីខែមុនថា ខ្លួននឹងលែងគោរពតាមកតិកាសញ្ញាយោធារវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៨ ដែលមានគោលបំណងកាត់បន្ថយភាពតានតឹងទៀតហើយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េលោក Shin Won-sik ថា "កូរ៉េខាងជើងមានជម្រើសតែពីរគឺសន្តិភាព ឬការបំផ្លាញ" ។"ប្រសិនបើប្រទេសកូរ៉េខាងជើង ធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ន ដែលបំផ្លាញសន្តិភាពរបស់ប្រទេសកូរ៉េខាងត្បូងនោះ កូរ៉េខាងជើងនិងទទួលរងការបំផ្លិចបំផ្លាញមិនធ្លាប់មាន។
ការកត់សម្គាល់នេះធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំនៃមេបញ្ជាការយោធាកំពូល បានកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីលោក Shin បានទៅមើលបញ្ជាការមីស៊ីលរបស់កូរ៉េខាងត្បូង ដែលលោកបាននិយាយថា នឹងត្រូវទទួលភារកិច្ច "វាយប្រហារ និងការពារប្រជាជនកូរ៉េខាងត្បូង" ក្នុងករណីមានសង្រ្គាម។
កាសែតរបស់បក្សកាន់អំណាចនៃប្រទេសកូរ៉េខាងជើង Rodong Sinmun បាននិយាយកាលពីថ្ងៃអង្គារថា "ការឈ្លានពានរបស់សហរដ្ឋអាម៉េរិក និងចលនាអនុត្តរភាពសម្រាប់សម្ព័ន្ធភាពដែលបានពង្រឹងគឺជាមូលហេតុនៃភាពតានតឹងក្នុងតំបន់នៃឧបទ្វីបកូរ៉េ"។
កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ដែលជួបប្រជុំនៅទីក្រុងសេអ៊ូល បានយល់ព្រមលើគំនិតផ្តួចផ្តើមថ្មី ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើងនៅក្នុងប្រព័ន្ធអ៊ីនធឺណេត ចាប់ពីការរំលោភបំពានរូបិយប័ណ្ណគ្រីបតូ រហូតដល់ការបាញ់បង្ហោះក្នុងលំហ។កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកនឹងបើកកិច្ចពិភាក្សាស្តីពីការទប់ស្កាត់នុយក្លេអ៊ែរនៅថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្តល់ឱ្យទីក្រុងសេអ៊ូលនូវជំនួយសព្វាវុធយោធាផ្សេងៗទៀត៕