អ្នកស្រី មុត ចរិយា ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ ថា អ្នកបានបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង នៅអំឡុងពេលរីករាលដាលវីរុសកូវីដ-១៩ នៅក្នុងខែតុលា ឆ្នាំ២០២១។ នៅអំឡុងពេលនៃការរីករាលដាលវីរុសកូវីដ-១៩ អ្នកស្រីបានផ្អាកអាជីវកម្មទាំងអស់របស់អ្នកស្រីនៅខេត្តសៀមរាប រួមទាំងការសិក្សាកូនៗរបស់អ្នកស្រីផងនោះ អ្នកស្រីនិងគ្រួសារ បានមកស្រុកកំណើតនៅខេត្តស្ទឹងត្រែង។
អ្នកស្រី មុត ចរិយា បានបន្ដថា នៅពេលមកដល់ខេត្តស្ទឹងត្រែង អ្នកស្រីមើលឃើញថា ស្វាយចន្ទីផលិតបានច្រើន ប៉ុន្ដែមានតម្លៃទាប។ ដូច្នេះអ្នកស្រីបានធ្វើការស្រាវជ្រាវអំពីការកែច្នៃ និងចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ។ បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាល បានរយៈពេល១ខែ អ្នកស្រីក៏បានអនុវត្តតែម្ដង និងបានកែច្នៃគ្រាប់ស្វាយចន្ទីទៅជារសជាតិផ្សេងៗ។
ត្រឹមរយៈពេលជាង២ឆ្នាំ ផលិតផលគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង ទទួលបានការគាំទ្រពីទីផ្សារអន្ដរជាតិ ដោយសារសិប្បកម្មផលិតជារសជាតិផ្សេងៗទៀត ក្រៅពីរសជាតិរបស់ខ្មែរ។ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសអង់គ្លេស អាមម៉េរិក អាល្លឺម៉ង់ ជប៉ុន កូរ៉េ អូស្ដ្រាលី បារាំង និងហុងកុង ជាទីផ្សារចុងក្រោយ និងជាទីផ្សារធំ ថែមទៀតផង។ ជាពិសេសផលិតផលរបស់អ្នកស្រីត្រូវបានយកទៅធ្វើតេស្ដនៅអាម៉េរិកអំពីអាហារូបត្ថម្ភ និងតេស្ដរកសារធាតុគីមីនៅប្រទេសជប៉ុន ថែមទៀតផង។ នៅឆ្នាំក្រោយអ្នកស្រីនឹងបន្តនាំចេញទៅចិន ហូឡង់ ខណៈដែលអ្នកស្រីក៏កំពុងសាងសង់ឃ្លាំងសម្រាប់ស្តុកផលិតផលនៅអាម៉េរិកផងដែរ។ បន្ទាប់ពីនោះ អាមេរិក នឹងក្លាយជាទីផ្សារធំមួយទៀតសម្រាប់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង។
ក្រោយបើកដំណើរការសិប្បកម្ម បានត្រឹមតែជាងពីរឆ្នាំប៉ុណ្ណោះ អ្នកស្រី ចរិយា បានពង្រីកទុនវិនិយោគពីត្រឹមពីរម៉ឺនដុល្លារ ដល់ជាងមួយលានដុល្លារ និងបានធ្វើឱ្យទីផ្សារអន្តរជាតិទទួលស្គាល់គុណភាពស្វាយចន្ទីរបស់កម្ពុជា និងបង្កើនការនាំចេញនាក់តែច្រើន។ ស្ថាបនិកសិប្បកម្មរូបនេះ បានបញ្ជាក់ថា កត្តាដែលធ្វើឱ្យបរទេសស្គាល់ស្វាយចន្ទីកម្ពុជា គឺដោយសារការផ្សព្វផ្សាយតាមរយៈការចូលរួមពិព័រណ៌នានា នៅក្រៅប្រទេស និងសន្និសីទស្វាយចន្ទីពិភពនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីដើមឆ្នាំ២០២៣នេះ។
សូមជម្រាបថា តាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា ខេត្តស្ទឹងត្រែង មានផ្ទៃដីដាំដុះស្វាយចន្ទី ប្រមាណជិត៧ម៉ឺនហិកតា ជាខេត្តដែលមានការដាំដុះស្វាយចន្ទីច្រើនលំដាប់ទី៣ បន្ទាប់ខេត្តកំពង់ធំ និងក្រចេះ។ ដោយឡែក នៅក្នុងរយៈពេល១០ ខែឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៦៥១ ០០០ តោន ក្នុងនោះនាំចេញទៅវៀតណាម ចំនួន ៦១៥ ០០០ តោន ស្មើទឹកប្រាក់ ៨៣១ លានដុល្លារថយចុះ ១៦,៧ភាគរយ បើធៀបរយៈកាលដូចគ្នាទៅនឹង២០២២៕