ភ្នំពេញ៖ កម្មវិធីពិព័រណ៍រូបថតមួយឈ្មោះថា DMC Photo Festival ដែលបានធ្វើការផ្សាយផ្ទាល់ជាសាធារណៈតាមប្រព័ន្ធឌីជីថល ជាស្នាដៃរបស់ផលិតករទាំងអស់ចំនួន ៤២រូប ជាក្រុមយុវនិស្សិតជំនាន់ទី១៨ កំពុងសិក្សានៅឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC)នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)។ នេះបើយោងទៅតាមកិច្ចសម្ភាសន៍រវាងក្រុមយុវនិស្សិតនៃDMC បានប្រាប់ស៊ីស៊ីថាមស៍ ពីការធ្វើកម្មវិធីមួយនេះឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនៅក្នុងសង្គមដែលកើតមានឡើងតាមរយៈរូបថតទាំងអស់នោះ។
ការសម្ភោធកម្មវិធីពិព័រណ៍រូបថតលើកដំបូងនៃដេប៉ាតឺម៉ង់មានឈ្មោះថា ក្រោយពីការពិត-Behind The Reality ជាស្នាដៃរបស់ក្រុមនិស្សិតឆ្នាំទី២ ជំនាន់ទី១៧ កាលពីឆ្នាំ ២០១៩កន្លងទៅ ហើយកម្មវិធីពិព័រណ៍រូបថតលើកទីពីរនេះមានឈ្មោះថា DMC Photo Festival ត្រូវបានផលិត និងរៀបចំឡើងដោយក្រុមនិស្សិតឆ្នាំទីពីរ ជំនាន់ទី១៨ ក្រោមការដឹកនាំរបស់លោក ផន ភារិទ្ធ (Miller) ដែលជាគ្រូបង្រៀនមុខវិជ្ជាថតរូបសារគមនាគមន៍នៃដេប៉ាតឺម៉ង់ DMC ដូចគ្នាផងដែរ។ មូលហេតុដែលតម្រូវឱ្យមានការធ្វើកម្មវិធីពិព័រណ៍រូបថតមួយនេះមិនអាចរៀបចំដាក់តាំងរូបថតទាំងអស់បង្ហាញនៅតាមបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឡើយ គឺដោយសារការគោរពតាមគោលការណ៍ក្រសួងសុខាភិបាលកម្ពុជា និងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបយុវនិស្សិតទាំងអស់ក៏បានសម្រេចចិត្តជាមួយនឹងគណៈគ្រប់គ្រងដេប៉ាតឺម៉ង់ DMC ប្ដូរពីមកជាការរៀបចំតាមប្រព័ន្ធឌីជីថលវិញ។
កម្មវិធីពិព័រណ៍រូបថត DMC Photo Festival នេះ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ តាមរយៈគេហទំព័រ www.dmcphotofest.com ទំព័រហ្វេសប៊ុក DMC Photo Festival និងទំព័រហ្វេសប៊ុករបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (https://www.facebook.com/DMC.CCI)។ នេះបានសេចក្ដីថា រូបថតចំនួន ២៥០សន្លឹកដែលត្រូវបានបង្កើតឡើងក្រោមប្រធានបទទាំងប្រាំបួនផ្សេងៗគ្នា បានដាក់តាំងបង្ហាញជាសាធារណបែបលក្ខណៈអនឡាញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដេញសង្គមតាមតំណភ្ជាប់ https://www.facebook.com/DmcPhotoFestival ឲ្យសាធារណជនអាចចូលទស្សនាបានហើយ។
ក្នុងនាមជាគ្រូបង្ហាត់បង្រៀនមុខវិជ្ជាថតរូប លោក ផន ភារិទ្ធ និយាយថា ប្រធានបទនៃពិព័រណ៍រូបថតនេះ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីស្នាដៃថតរូបរបស់ក្រុមសិស្សនិស្សិតឆ្នាំទី២ បន្ទាប់ពីពួកគេបានសិក្សាអំពីបច្ចេកទេសនៃថតរូប និងបានចេញអនុវត្តនូវទ្រឹស្ដីទាំងអស់នោះរយៈពេលមួយឆមាសរួចមក។ គ្រប់រូបថតដែលនឹងបង្ហាញនោះ នឹងមិនត្រឹមតែឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យុវនិស្សិតទាំង៤២រូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីស្ថានភាពសង្គមនាពេលបច្ចុប្បន្នផងដែរ។
លោកគ្រូ ភារិទ្ធ បន្តថា «យើងប្រើរូបភាពជំនួសវីដេអូ ជាសារដើម្បីពញ្ញាក់អារម្មណ៍ដល់អ្នកទស្សនាពីសកម្មភាពដែលពួកគាត់ជួបប្រទះរាល់ថ្ងៃ។ បើទោះបីជា ស្នាដៃរបស់និស្សិតមិនសូវជាល្អដូចអ្នកថតរូបអាជីពក៏ដោយ ក៏ពួកគាត់បានព្យាយាមសម្រិតសម្រាំងឲ្យស្នាដៃទាំងនោះឆ្លុះបញ្ចាំងពីសង្គមវិញ ដោយរូបថតដែលក្នុងប្រធានមួយចំនួន មានលក្ខណៈជាស៊េរីបណ្ដាក់ទៅតាមសាច់រឿងឲ្យអ្នកទស្សនាបានយល់។»
លោក អ៊ុង ប៊ុនអុី ជាប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)ផ្ទាល់ លោកក៏បានប្រាប់បន្ថែមពីវត្ថុបំណងនៃកម្មវិធីពិព័រណ៍រូបថត DMC Photo Festival នេះថាសមិទ្ធិផលទាំងអស់នោះបានផ្សារភ្ជាប់ទ្រឹស្តីនៃមុខវិជ្ជាថតរូបសារព័ត៌មានទៅនឹងការអនុវត្តជាក់ស្តែងរបស់និស្សិត ក្នុងន័យលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើរបស់និស្សិតDMCផ្ទាល់។ ដេប៉ាតឺម៉ង់ក៏ចង់ជំរុញឲ្យនិស្សិតយកឱកាសនេះ សិក្សាស្រាវជ្រាវពីបញ្ហាប្រឈម ក៏ដូចជាវឌ្ឍនភាពនានាក្នុងសង្គមជាក់ស្ដែង ហើយយកមកឆ្លុះបញ្ចាំងតាមរយៈជំនាញដែលខ្លួនបានសិក្សា។
លោក ប៊ុនអុី បានបន្តទៀតថា «តាមរយៈការពិព័រណ៍រូបថតនេះ សាធារណជនក៏មានឱកាសបានដឹងឮ ក៏ដូចជាបានយល់ដឹងពីរឿងរ៉ាវសង្គមទាំងនោះ និងចូលរួមជាផ្នែកមួយនៃដំណោះស្រាយ ព្រោះថាពួកគេក៏អាចជាផ្នែកមួយនៃរឿងរ៉ាវសង្គមទាំងនោះដែរ»។
កញ្ញា សុខ ស្រីលុច ជានិស្សិតឆ្នាំទីពីរនៃដេប៉ាតឺម៉ង់ DMC និងជាផលិតករម្នាក់នៃកម្មវិធីតាំងពិព័រណ៌រូបថតនេះដែរ និយាយថា «ពួកយើងជាក្រុមនិស្សិតឆ្នាំទី២ នៃជំនាន់ទី១៨ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង បើទោះបីជាពេលខ្លះត្រូវចំណាយពេលវេលាច្រើន ឆ្លៀតពេលទំនេរពីការសិក្សា ត្រូវចុះថតផង រៀនផង រៀបចំប្លង់ថត ស្វែងរកតួអង្គម្នាក់ៗ ទំរាំតែបានទទួលព្រមព្រៀងជាមួយអ្នកចូលរួមសហការនៃគម្រោងថតរូប ត្រូវការភាពអត់ធ្មត់ ស្វះស្វែងតួអង្គនីមួយៗ ឱ្យត្រូវសាច់រឿង និងប្រធានបទផងដែរ ហើយជួនកាលទៀត ក្រុមនិស្សិតយើងខ្ញុំ ត្រូវចុះទូកកណ្ដាលទន្លេ ហាលខ្យល់ ហាលថ្ងៃ និងត្រូវចុះទៅទីតាំងឆ្ងាយៗដូចជាតាមខេត្តនានាក៏ដោយ ក៏យើងនៅទ្រាំដើម្បីបានរូបមួយសន្លឹកៗ សម្រាប់ដាក់តាំងពិព័រណ៍»។
ទោះបីជាការពិព័រណ៍នៅតាមបរិវេណសាលាត្រូវបានផ្អាក ដោយសារកូវីដ-១៩ កញ្ញា ស្រីលុច បានប្រាប់ស៊ីស៊ីថាមស៍ថា វាគឺជាការខិតខំប្រឹងប្រែងមួយក្នុងការចូលរួមដោះស្រាយបញ្ហា គឺរកវិធីធ្វើយ៉ាងណាដើម្បីឱ្យប្រិយមិត្តទស្សនិកជន មានឱកាសបានចូលរួមទស្សនាតាមរយៈអនឡាញវិញ។ ហើយទីបំផុត សាធារណជនក៏អាចទស្សនានូវរូបថតដែលដាក់ពិព័រណ៍បានទាំងអស់គ្នា បានគ្រប់ពេលវេលា គ្រប់ទីកន្លែង នេះហើយជាអ្វីដែលក្រុមយុវនិស្សិតទាំងអស់គ្នារំពឹងទុក និងខិតខំព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការបន្តដំណើរការនៃកម្មវិធីនេះរហូតដល់ចប់ និងបានផ្សព្វផ្សាយទៅដល់សាធារណជនទូទៅបាន នេះក៏ជាភាពជោគជ័យមួយផ្នែក ដែលយើងបានធ្វើផងដែរ។
ចំណែក កញ្ញា សួន ស្រីដែត ក៏ជានិស្សិតឆ្នាំទីពីរនៃដេប៉ាតឺម៉ង់ DMC ផងដែរ កញ្ញាប្រាប់ថា « ថ្វីត្បិតតែជាការពិព័រណ៍រូបថតនេះមានលក្ខណៈជាឌីជីថលទាំងស្រុងក៏ពិតមែន ប៉ុន្តែយើងសង្កេតឃើញថា ចំនួនតួលេខនៃការចូលរួមទស្សនាពីសាធារណជនទូទៅ ជាតួលេខមួយស្ថិតក្នុងកម្រិតឱ្យពួកយើង អាចទទួលយកបាន ដែលក្នុងនោះមានទាំងអ្នកចូលរួមទស្សនាជាជនជាតិបរទេសផងដែរ ហើយតាមរយៈតួលេខនេះ ក៏ពួកយើងសង្ឃឹមថា ពួកគាត់នឹងបន្តគាំទ្រ និងចូលរួមទស្សនាឱ្យបានច្រើនជាបន្តបន្ទាប់ទៅទៀត។ នេះសបញ្ជាក់ឱ្យឃើញថា អ្នកចូលរួមទាំងអស់នោះពិតជា ចង់ចេះ ចង់ដឹងច្រើនពីការចែករំលែកបទពិសោធន៍ល្អៗពីផលិតកររូបថតតាមប្រធានបទនីមួយៗ ក៏ដូចជាចង់ចូលរួមទស្សនាកិច្ចពិភាក្សា ការចែករំលែក របស់វាគ្មិននីមួយៗ ប្រចាំសប្ដាហ៍រៀងរាល់ថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍ផងដែរ »។
កញ្ញា ស្រីដែត បន្តថា កម្មវិធីមួយនេះ គឺធ្វើឡើងមិនមែនសម្រាប់ត្រឹមតែអ្នកនៅក្នុងវិស័យថតរូបនោះទេ គឺធ្វើឡើងសម្រាប់ទស្សនិកជនទូទៅ។ ហើយការណ៍ដែលធ្វើតាមប្រព័ន្ធឌីជីថលបែបនេះ ក៏វាផលប្រយោជន៍ច្រើន និងល្អគួរសមសម្រាប់ប្រជាជនទូទៅ គឺទីមួយ ពួកគាត់មិនចាំបាច់ចេញមកក្រៅជួបជុំគ្នាដើម្បីបង្ការការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩, ទីពីរ ពួកគាត់អាចចុចចូលមើលរូបថតតាមវេបសាយស៍ និងវីដេអូផ្ទាល់តាមហ្វ៊េសប៊ុក បានគ្រប់ពេលវេលាគ្រប់ទីកន្លែង មិនថានៅផ្ទះ សាលារៀន ឬកន្លែងធ្វើការណាក៏ដោយ ម្យ៉ាងវិញទៀតក៏អាចជួយដល់អ្នកប្រើប្រាស់ប្រព័ន្ធបណ្ដេញសង្គម ជាពិសេសយុវជនជាធនធានមនុស្ស មានឱកាសអាចទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីអភិវឌ្ឍចំណេះ ជំនាញ ការយល់ដឹងពីសង្គមឱ្យបានស៊ីជម្រៅ វាអាចជួយដល់ខ្លួនឯង និងជួយដល់សង្គមច្រើន តាមរយៈការចូលរួមទស្សនានូវកម្មវិធីពិព័រណ៍មួយនេះ។
លោក នូ វិរៈ ជានិស្សិតឆ្នាំទីពីរនៃដេប៉ាតឺម៉ង់DMC បានប្រាប់ពីដំណើរការនៃកម្មវិធីពិព័រណ៍រូបថត DMC Photo Festival នេះថា ក្នុងន័យនេះ កម្មវីធីនេះបង្កើតក្នុងគោលបំណង ដើម្បីឱ្យយុវជនខ្មែរ ប្រជាពលរដ្ឋខ្មែរ សាធារណជនទាំងអស់ដែលបានចូលរួមទស្សនានូវរូបថតដែលក្រុមយុវនិស្សិតបានសម្រិតសម្រាំងមកដាក់បង្ហាញតាមប្រព័ន្ធបណ្ដេញសង្គម ឱ្យពួកគាត់បានឃើញ យល់ដឹង ថាអ្វីទៅជាបញ្ហាដែលកំពុងកើតមាននៅក្នុងសង្គមជាក់ស្ដែង និងអាចរួមគ្នាដោះសា្រយបញ្ហា ហើយក៏ព្យាយាមថែរក្សាការពារ អភិរក្សនូវអ្វីដែលប្រទេសយើងមានទាំងអស់តាមលទ្ធភាព នឹងបញ្រ្ជាបនឹងចំណេះដឹងផ្សេងៗជាច្រើន ដែលជាសារមួយសម្រាប់ពួកគាត់តាមរយៈស្នាដៃរូបថត ក្នុងនោះមានដូចជា ជីវិតប្រជាពលរដ្ឋខ្មែរ-ឥស្លាម ដែលរស់នៅលើទន្លេចតុមុខ, ឯកសណ្ឋានមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋខ្មែរ, របៀបធ្វើនំបញ្ចុកខ្មែរ, ការរស់នៅ និងការស្លៀកពាក់ពលរដ្ឋខ្មែរសម័យអាណានិគមបារាំង សម័យខ្មែរក្រហម និងសម័យបច្ចុប្បន្ន, ឥទ្ធិពល និងផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមទៅលើអ្នកប្រើប្រាស់, ជីវិតកុមារៗរស់នៅកន្លែងខុសគ្នាមានស្ថានភាពជីវិតខុសគ្នា, បញ្ហាប្រភពនៃសំរាម, ដំណើរជីវិតប្រចាំថ្ងៃរបស់កុមារីម្នាក់ហាត់រៀនរបាំបុរាណខ្មែរ និងបញ្ហាជំងឺវិបត្តិផ្លូវចិត្ត ឬការបាក់ទឹកចិត្ត។
ក្នុងនាមជាផលិតករមួយរូប ហើយតំណាងឱ្យយុវនិស្សិតឆ្នាំទីពីរជំនាន់ទី១៨ ក៏តំណាងឱ្យអ្នកគ្រប់គ្រងកម្មវិធីពិព័រណ៍រូបថត DMC Photo Festival ផ្ទាល់ លោក នូ វិរៈ ប្រាប់ថា « ខ្ញុំបាទសុំថ្លែងអំណរគុណជូនទៅដល់ថ្នាក់គ្រប់គ្រងសាលាសាកលវិទ្យាល័យ(RUPP) ថ្នាក់ដឹកនាំដេប៉ាតឺម៉ង់ (DMC)ក្នុងការជួយជ្រោមជ្រែងកម្មវិធីពិព័រណ៍រូបនេះ ជាពិសេសលោកគ្រូ ផន ភារិទ្ធ (Miller) ដែលបានខិតខំដឹកនាំ បង្ហាត់បង្ហាញផ្លូវ បង្រៀនបច្ចេកទេសនៃការថតរូបទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ដល់យុវនិស្សិតទាំងអស់។ ហើយជាចុងក្រោយ សូមអរគុណដល់ក្រុមយុវនិស្សិតទាំង ៤២រូប ដើម្បីធ្វើឱ្យកម្មវិធីនេះចេញរូបរាងមក ហើយក៏សូមអរគុណទៅដល់វាគ្មិនអ្នកជំនាញជាច្រើនរូប ពិធីករពិធីការិនី និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលចំណាយពេលវេលាដ៏មានប្រយោជន៍របស់ពួកគាត់មកចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាសាធារណជនទាំងអស់ដែលបានគាំទ្រកម្មវិធីរបស់ពួកយើង។ ហើយពួកយើងក៏មិនភ្លេចជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីរបស់ពួកយើង ដែលមានចិត្តជួយរួមចំណែកក្នុងការជួយសង្គម តាមរយៈវិស័យថតរូបផងដែរ»។
គួររំលឹកផងដែរថា រហូតដល់ពេលនេះ កម្មវិធីពិព័រណ៍រូបថត DMC Photo Festival បានដំណើរការអស់រយៈពេល ០២សប្ដាហ៍មកហើយ ក្នុងនោះមានទាំងការជួបពិភាក្សា សំណេះសំណាល ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍នានាជាច្រើន ជាមួយនឹងក្រុមនិស្សិតជាផលិតករនៃរូបថតដែលបានដាក់ពិព័រណ៍ក្នុងគេហទំព័រផ្លូវការ។ ការផ្សាយផ្ទាល់នៃកិច្ចសំណេះសំណាលជាមួយនឹងផលិតករតាមប្រធានបទនីមួយៗ និងក្រៅពីការទស្សនារូបថតទាំង២៥០សន្លឹកត្រូវបានដែលដាក់បង្ហាញក្នុងវេបសាយស៍ សាធារណជនក៏អាចតាមដានកម្មវិធីកិច្ចពិភាក្សារវាងវាគ្មិន និងទស្សនីយភាពផ្សេងទៀតរួមមានដូចជា ផ្នែកថតរូប ការអប់រំផ្លូវចិត្ត ការបង្ហាញក្បាច់របាំ និងចម្រៀងសិល្បៈរបស់ខ្មែរផងដែរ ដែលសុទ្ធតែជាប្រធានបទដែលយុវជនខ្មែរបច្ចុប្បន្នគួរទទួលបាន និងសិក្សាបន្ថែមទៀត។
នៅសល់បីសប្ដាហ៍ទៀត ក្រុមនិស្សិតនៃកម្មវិធី សង្ឃឹមថា នឹងមានអ្នកចូលទស្សនា និងចូលរួមគាំទ្របានទាំងអស់គ្នា ដើម្បីលើកទឹកចិត្តពួកគាត់ផងដែរ ហើយបន្ទាប់ពីរយៈពេលមួយខែពេញនេះរួច កម្មវិធី DMC Photo Festival ក៏នៅតែមានអ្វីសប្បាយៗ ប្លែកៗ នៅតែបន្តការផ្សាយផ្ទាល់ពីការជួបពិភាក្សារបស់ផលិតករតាមប្រធានបទនីមួយៗ ជាបន្តបន្ទាប់ទៀត។ បើសិនណារយៈពេលការពិព័រណ៍មួយខែនេះ ត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែគម្រោងស្នាដៃរបស់ក្រុមនិស្សិតទាំង ០៩ក្រុម ដែលបានតាំងពិព័រណ៍ក្នុងវេបសាយស៍ក៏ដូចជាការផ្សាយផ្ទាល់របស់គេហទំព័រនៃផេកហ្វេសប៊ុក DMC Photo Festival គឺនៅតែបន្តលើកទឹកចិត្តឱ្យបងប្អូន ទស្សនិកជន និងសាធារណជន បានចូលរួមទស្សនាជារៀងរហូតបាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់យើង (DMC Photo Festival) (https://www.facebook.com/DmcPhotoFestival) ឬទំនាក់ទំនងជាមួយ កញ្ញា សួន ស្រីដែត តាមរយៈលេខទូរស័ព្ទ ០១៧ ៥៦៦ ៩២៦និងលោក ជា តារាពេជ្រ តាមរយៈលេខទូរស័ព្ទ ០៧០ ៩៩ ៣៩ ៦០។