ព្រះសីហនុ៖ បាណន់គីង្គក់ មួយក្បាល ត្រូវបានក្រុមល្បាតជលផលនិងសហគមន៍នេសាទ ប្រទះឃើញ កាលពីថ្ងៃទី១១ ធ្នូ ការប្រទះឃើញនេះ កើតឡើងក្នុងពេលក្រុមការងារជលផលកំពុងចេញល្បាតទប់ស្កាត់បទល្មើស នាវេលាម៉ោង ៥:១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្រុមល្បាតជលផលនិងសហគមន៍នេសាទ បានប្រទះឃើញត្រីបាណន់គីង្គក់ឬ Whale Shark មួយក្បាល ណៅអំឡុងពេលចេញល្បាតទប់ស្កាត់បទល្មើស នាវេលាម៉ោង ៥:១០នាទីល្ងាច។ ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។
ត្រីបាណន់គីង្គក់ ជាប្រភេទត្រីធំជាងគេក្នុងសមុទ្រ ដែលភាសាអង់គ្លេសហៅថា Whale Shark។ ជាទូទៅ ត្រីបាណន់គីង្គក់ ស៊ីកូនបង្គា មឹក និងកូនត្រី។ ត្រីនេះមានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ និងចាប់បន្តពូជនៅអាយុ៣០ឆ្នាំ។ វាជាសត្វស្លូត និងចងមិត្តភាពជាមួយមនុស្ស ហើយអ្នកហែលទឹកក៏អាចប្រលែងលេងជាមួយវា ឬប៉ះពាល់វាដោយសុវត្ថិភាព ដោយហេតុនេះហើយបានជាវាងាយនិងត្រូវគេប្រមាញ់។
នៅអាស៊ីអាគ្នេយ៍ គេឃើញវត្តមានត្រីបាណន់គីង្គក់នៅសមុទ្រថៃ ឥណ្ឌូនេណស៊ី និងហ្វីលីពីន ឯនៅសមុទ្រចិនមានតែនៅតៃវ៉ាន់ប៉ុណ្ណោះ ក្រៅពីនោះគេជួបវានៅសមុទ្រប្រេស៊ីលក្នុងទ្វីបអាមេរិកឡាទីន និងនៅប៉ែកខាងលិចប្រទេសអូស្រ្តាលី ចំពោះទ្វីបអាហ្រ្វិកគេឃើញវានៅដែនសមុទ្រមូសាំបិក។ បច្ចុប្បន្នត្រីបាណន់គីង្គក់ ត្រូវបានពិភពលោកចុះក្នុងបញ្ជីក្រហមហាមធ្វើការនេសាទ និងតម្រូវអោយអភិរក្សបន្ទាន់ព្រោះជាត្រីឈានទៅរកការដាច់ពូជ៕