Img 1426
Swift cc time

ប្រទះឃើញ ត្រីកម្រ«បាណន់គីង្គក់»ជាប្រភេទត្រីជិតផុតពូជ នៅកោះរ៉ុង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះសីហនុ៖ ក្រុមល្បាតជលផល និងសហគមន៍នេសាទនៅថ្ងៃទី ១១ ធ្នូ បានប្រទះឃើញត្រីបាណន់គីង្គក់ ឬ Whale Shark មួយក្បាល នៅកោះរ៉ុង។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការប្រទះឃើញនេះ កើតឡើងក្នុងពេលក្រុមការងារជលផលកំពុងចេញល្បាតទប់ស្កាត់បទល្មើសនេសាទ នាវេលាម៉ោង ៥ និង១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ប្រភេទត្រីបាណន់គីង្គក់នេះ ភាគច្រើនស៊ីកូនបង្គា មឹក និងកូនត្រី ហើយមានប្រវែងរហូតដល់៦ម៉ែត្រ នឹងមានអាយុរហូតដល់ជាង១០០ឆ្នាំ។ ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN។

គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមានផងដែរ៕

Khcct banner

អត្ថបទទាក់ទង