ភ្នំពេញ៖ ប្រទេសអូស្ដា្រលី ជាគោលដៅសិក្សាដែលពេញនិយមសម្រាប់និស្សិតកម្ពុជា ក្នុងចំណោមប្រទេសជាច្រើនទៀត។ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ មានសិស្ស-និស្សិតកម្ពុជាចំនួន ៣៣២៣នាក់ បានទៅសិក្សានៅប្រទេសអូស្ដ្រាលី ដែលចំនួននេះកើនឡើង២០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។ នេះយោងតាមស្ថិតិចុងក្រោយដែលចេញផ្សាយដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ សិស្ស-និស្សិតកម្ពុជាចំនួន ៣៣២៣នាក់ បានទៅសិក្សានៅប្រទេសអូស្ដ្រាលី ដែលចំនួននេះកើនឡើង២០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។ នៅក្នុងឆ្នាំ២០២២ សិស្ស-និស្សិតកម្ពុជាចំនួន ២៨៦៨នាក់ បានទៅសិក្សានៅប្រទេសអូស្ដា្រលី និងឆ្នាំ២០២១ ចំនួន ២៨៦៨នាក់។ សិស្សកម្ពុជា ដែលទៅសិក្សានៅប្រទេសអូស្ដ្រាលី បាននឹងកំពុងសិក្សានៅសាកលវិទ្យាល័យ វិទ្យាល័យ និងកម្មវិធីសិក្សាជាច្រើនទៀត។
បើតាមរបាយការណ៍របស់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ មក ប្រជាជនកម្ពុជាជាង៨៥០នាក់ បានទៅសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអាហារូបករណ៍ Australia Awards ។ ក្នុងឆ្នាំ២០១៩ ប្រជាជនកម្ពុជាប្រហែល ៣,០០០នាក់បានចុះឈ្មោះចូលរៀននៅក្នុងស្ថាប័នអប់រំអូស្ត្រាលី ដែលធ្វើអោយប្រទេសអូស្ដ្រាលីក្លាយជាគោលដៅសិក្សាដែលពេញនិយមបំផុតសម្រាប់និស្សិតកម្ពុជា។ ប្រជាជនកម្ពុជាជាង ១៧,០០០ នាក់បានទៅសិក្សានៅប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ២០០២។
សូមបញ្ជាក់ថា មានសិស្ស-និស្សិតកម្ពុជាជាច្រើន បានទៅសិក្សានៅប្រទេសអូស្ដ្រាលី ប៉ុន្ដែចាប់តាំងពីឆ្នាំ២០១៤ មក ក៏មាននិស្សិតអូស្ត្រាលីជាង ១,៩០០នាក់ បានមកសិក្សា និងធ្វើកម្មសិក្សានៅក្នុងប្រទេសកម្ពុជា ក្រោមគម្រោង New Colombo Plan (NCP) ដែរ។ រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជននៅកម្ពុជាបានគាំទ្រ New Colombo Plan រួមទាំងការផ្តល់ឱកាសកម្មសិក្សាផងដែរ៕