681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងសុខាភិបាល អញ្ជើញអ្នកជំនាញបរទេស២រូបធ្វើបទបង្ហាញ«ភាពជាអ្នកដឹកនាំ»ជូនមន្រ្តីសុខាភិបាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញអ្នកជំនាញបរទេស២រូប ដើម្បីធ្វើបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ជាច្រើន។ បាឋកថានេះ ធ្វើឡើងនារសៀលថ្ងៃទី១១ធ្នូនេះ ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងវិស័យសុខាភិបាលបន្ថែមទៀត។

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញលោកសាស្រ្តាចារ្យ Dr. Michael Woolcock អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសង្គម នៃធនាគារពិភពលោក និងសាស្រ្តាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យហាវឺដ និងលោកស្រី Margaret Allison ទីប្រឹក្សារបស់ធនាគារពិភពលោក (World Bank) និងជាអតីតប្រធានទីភ្នាក់ងារមុខងារសាធារណៈនៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី ដែលជាអ្នកជំនាញជាន់ខ្ពស់ ធ្វើបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។

លោកស្រី Margaret Allison បានធ្វើបទបង្ហាញពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ជាពិសេសភាពជាអ្នកដឹកនាំនៅក្នុងវិស័យសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងវិស័យសុខាភិបាលបន្ថែមទៀត។ ក្នុងនោះ លោកស្រី ក៏បានបង្ហាញអំពីសារៈសំខាន់ និងភាពខុសគ្នារវាងអ្នកដឹកនាំ និងអ្នកគ្រប់គ្រង។

លោកសាស្រ្តាចារ្យ Dr. Michael Woolcock បង្ហាញពីរបៀបនៃការដោះស្រាយបញ្ហាដោយផ្អែកលើការបំបែកជាបំណែកតូចៗ វិភាគរកមូលហេតុជាក់ស្តែងនៅនឹងកន្លែង (PDIA: Problem Drivence Iterative Adaptation) និងការត្រិះរិះរកដំណោះស្រាយឈរលើគោលការណ៍ ផ្តល់សិទ្ធអំណាចនិងគាំទ្រពីថ្នាក់ដឹកនាំ (Authority) ការស្រុះស្រួលគ្នាព្រមទទួលយកវិធីនៃការអនុវត្ត (Acceptance) និងលទ្ធភាពគាំទ្រដំណើរការ(Ability) ដើម្បីស្វែងរកលំហនៃការផ្លាស់ប្តូរដែលធ្វើអោយដំណើរនៃអង្គភាពមានការអភិវឌ្ឍន៏ទៅមុខជានិច្ច។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍នៃការអនុវត្ត PDIA ផ្សារភ្ជាប់នឹងការងារជាក់ស្តែង និងភាពជាអ្នកដឹកនាំដោយត្រូវចេះបទបែនធ្វើយ៉ាងណាអោយការអភិវឌ្ឍន៍ស្ថាបន័សុខាភិបាលមានភាពផ្លាស់ប្តូររីកចំរើនជានិរន្តន៍។ លោកបានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពតម្រូវការជាក់ស្តែង ក្នុងនាមអ្នកដឹកនាំត្រូវដើរតួជាអ្នកដឹកនាំផង និងអ្នកគ្រប់គ្រងផង ដោយត្រូវធ្វើការបែងចែកទៅតាមពេលវេលា និងកាលៈទេសៈ។

សូមបញ្ជាក់ដែរថា វគ្គនេះក៏មានការអញ្ជើញចូលរួមផ្ទាល់ដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងលោក លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធានអង្គភាពក្រោមឱវាទក្រសួង និងចូលរួមតាមអនឡាញហ្ស៊ូម ដោយ ប្រធានការិយាល័យ និងអនុប្រធានអង្គភាពថ្នាក់កណ្តាល ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត៕


Khcct banner

អត្ថបទទាក់ទង