ភ្នំពេញ៖ គណៈប្រតិភូយុវជនកម្ពុជា បានធ្វើដំណើរទៅចូលរួមកម្មវិធី JENESYS 2023 ASEAN-Japan Student Conference នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៩ ខែធ្នូ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមការប្រកាសរបស់ក្រសួងអប់រំ កម្មវិធី JENESYS 2023 ASEAN-Japan Student Conference ជាកម្មវិធីមួយដែលធ្វើឡើងក្នុងគោលបំណងដើម្បីគម្រប់ខួប ៥០ឆ្នាំ នៃមិត្តភាព រវាងប្រទេសជប៉ុន និងប្រទេសអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តឡើងនៅប្រទេសជប៉ុន និងមានការចូលរួមពីសំណាក់គណៈប្រតិភូយុវជនតំណាងប្រទេសនីមួយៗ និងប្រទេសកម្ពុជាផងដែរ។
យុវជនដែលតំណាងកម្ពុជាចូលរួមកម្មវិធីនេះ សុទ្ធតែត្រូវបានសម្រិតសម្រាងដោយក្រសួងអប់រំ ដែលជ្រើសរើសយុវជនដែលពោរពេញដោយសក្តានុពលក្នុងការតំណាងប្រទេសរបស់ខ្លួន។
បើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសរបស់ប្រទេសជប៉ុនបានឱ្យដឹងថាក្នុងកម្មវីធីនេះ គណៈប្រតិភូយុវជននឹងត្រូវបានបែងចែកដើម្បីធ្វើការទស្សនកិច្ចនៅតំបន់ផ្សេងៗគ្នាក្នុងទីតាំងប្រទេសជប៉ុន ដើម្បីឱ្យពួកគេមានឱកាសក្នុងការទទួលបានចំណេះដឹងពីប្រធានបទផ្សេងៗ មិនថាពាក់ព័ន្ធនឹងការសិក្សា វប្បធម៌ប្រទេសជប៉ុន និងសកម្មភាពផ្សេងៗជាច្រើនទៀត។
លើសពីនេះទៅទៀត នៅក្នុងសន្និសីទនិស្សិតអាស៊ាន-ជប៉ុន និស្សិតមកពីប្រទេសជប៉ុន និងតំបន់អាស៊ាននឹងចូលរួមក្នុងកម្មវិធីពិភាក្សារយៈពេល ៣ យប់ ៤ ថ្ងៃ ដោយផ្អែកលើបញ្ហាចំនួន ៥ ក្រោមប្រធានបទ “អ្វីដែលយើង (និស្សិត) អាចធ្វើដើម្បីសន្តិភាព ស្ថិរភាព កំណើន និងវិបុលភាពក្នុងតំបន់អាស៊ី” ។ បញ្ហាទាំងប្រាំនៃការពិភាក្សាគឺ “ការប្រែប្រួលអាកាសធាតុ និងការការពារគ្រោះមហន្តរាយ” “ការអភិវឌ្ឍន៍ទេសចរណ៍” “បញ្ហាចំនួនប្រជាជន” “ការចាប់ផ្តើមអាជីវកម្ម” និង “អ៊ីនធឺណិត និង AI”ដែលពួកគេនឹងបង្ហាញ "ផែនការសកម្មភាព" និង "អនុសាសន៍តាមប្រធានបទ" របស់ពួកគេនៅថ្ងៃចុងក្រោយនៃកម្មវិធី។
តាមរយៈកម្មវិធីនេះ គេរំពឹងថាយុវជននៃប្រទេសជប៉ុន និងតំបន់អាស៊ាននឹងរួមគ្នាបង្កើនចំណាប់អារម្មណ៍របស់ពួកគេក្នុងការរួមចំណែកក្នុងសង្គម ទទួលស្គាល់ភាពចម្រុះនៃវប្បធម៌ និងកសាងបណ្តាញមិត្តភាព និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការយល់ដឹងគ្នាទៅវិញទៅមក។ រួមទាំងមានការរំពឹងទុកទៀតថា យុវជននៃតំបន់អាស៊ាននឹងចែករំលែកយ៉ាងសកម្មនូវការរៀនសូត្ររបស់ពួកគេអំពីកម្មវិធី និងការទាក់ទាញរបស់ប្រទេសជប៉ុនទៅកាន់ប្រទេសរៀងៗខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងមធ្យោបាយផ្សេងៗទៀត៕