ភ្នំពេញ៖ វេបសាយទាំង ៦ ដែលមានសារៈប្រយោជន៍សម្រាប់យុវជនក្នុងការស្វែងរកឱកាសការងារមានដូចជា Bongthom, National Employment Agency, Cambojob, LinkedIn, Workingna, និង Jobify។
ការស្វែងរកការងារធ្វើពិតជាមានសារៈសំខាន់សម្រាប់យុវជន នៅក្នុងកំឡុងពេលសិក្សានៅសាកលវិទ្យាល័យ ឬ ទើបបញ្ចប់សាកលវិទ្យាល័យក្តី ដោយសារតែការធ្វើការអាចធ្វើឱ្យសិស្សានុសិស្សមិនត្រឹមតែទទួលបានបទពិសោធន៍ល្អៗដើម្បីអភិវឌ្ឍជំនាញរឹង និងជំនាញទន់របស់ខ្លួននោះទេ តែថែមទាំងធ្វើឱ្យសិស្សអាចទទួលបានចំណូល និងបង្កើតទំនាក់ទំនងបានកាន់តែប្រសើរផងដែរ។ អាស្រ័យហេតុនេះហើយ ការស្គាល់ប្រភពនៃការស្វែងរកការងារធ្វើពិតជាមានសារៈប្រយោជន៍សម្រាប់យុវជនដោយសារតែវាអាចធ្វើឱ្យយុវជនអាចស្វែងរកការងារនៅក្រុមហ៊ុនណាមួយដែលអាចទុកចិត្តបាន និងផ្តល់អត្ថប្រយោជន៍សមរម្យ។
ថ្ងៃនេះ ស៊ីស៊ីថាមស៍ នឹងនាំយុវជនឱ្យស្គាល់វេបសាយ ៦ ដែលអាចធ្វើឱ្យសិស្សស្វែងរកការងារធ្វើបានយ៉ាងមានប្រសិទ្ធភាពដូចខាងក្រោម។
ទី១៖ វេបសាយដែលមានឈ្មោះថា Bongthom ជាវេបសាយមួយ ដែលតែងតែធ្វើការបង្ហោះការងារដែលមកពីស្ថាប័ននានាដូចជា អង្គការ ក្រុមហ៊ុន និងស្ថាប័នផ្សេងៗទៀតជាច្រើនដែលមានភាពទុកចិត្តបាន។ ជាពិសេស វាមានមុខងារជាច្រើនដែលបង្កភាពងាយស្រួលសម្រាប់យុវជនក្នុងការជ្រើសរើសស្វែងរកការងារទៅតាមប្រភេទដូចជាបែប Part-time, full-time ស្ថិតនៅទីតាំងណាមួយ ឬ ប្រភេទការងារតាមផ្នែកនីមួយៗ ដែលមានភាពងាយស្រួល និងចំណេញពេលវេលា។
ទី២៖ វេបសាយរបស់ National Employment Agency ( NEA) ជាវេបសាយមួយដែលត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ មានគោលដៅក្នុងការក្លាយជាស្ពានរបស់រដ្ឋាភិបាលឆ្ពោះទៅកាន់ ការងារ កម្លាំងពលកម្ម និង ព័ត៌មានទីផ្សារការងារ ដែលមានបង្ហាញនូវការងារជាច្រើនគ្រប់ផ្នែកមិនថាស្ថិតនៅក្នុងក្រុមហ៊ុននៅរាជធានីភ្នំពេញ ឬ នៅខេត្តនោះឡើយ។ បន្ថែមពីមុខងារស្វែងរកការងារ វេបសាយនេះក៏មានមុខងារផ្សេងៗដូចជាការប្រឹក្សាយោបល់ ការអប់រំបណ្តុះបណ្តាល និងមានរៀបចំជាពិព័រណ៍ការងារជាដើម។
ទី៣៖ វេបសាយ ឬ កម្មវិធី LinkedIn ដែលគេហទំព័រមួយដែលត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោក និងផ្លូវការ ដែលយុវជនអាចស្វែងរកការងារដែលមានភាពជាទីទុកចិត្តតាមរយៈការបង្ហោះពីសំណាក់នយោជក ឬ ភ្នាក់ងារជ្រើសរើសបុគ្គលិកមួយចំនួន។ ដើម្បីអាចប្រើប្រាស់កម្មវិធីនេះបាន យុវជនត្រូវទាញយកកម្មវិធី LinkedIn បន្ទាប់មកចុះឈ្មោះបង្កើតគណនី LinkedIn ហើយស្វែងរកការងារដែលខ្លួនពេញចិត្តនៅក្នុងនោះតែម្តង។
ទី៤៖ វេបសាយ Workingna ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ ដែលបានទទួល CV និងសម្របសម្រួលជាមួយនឹងនិយោជិកប្រមាណ ៣ម៉ឺននាក់ ក៏ជាវេបសាយមួយដែលអាចធ្វើឱ្យសិស្សមានភាពងាយស្រួលក្នុងការស្វែងរកដោយគ្រាន់តែជ្រើសរើសទីតាំងដែលខ្លួនចង់ធ្វើការ ហើយវាយឈ្មោះក្រុមហ៊ុន ឬ ឈ្មោះផ្នែកការងារដែលចង់ធ្វើ នោះនឹងបង្ហាញនូវឱកាសការងារដែលកំពុងតែមានជ្រើសរើសតែម្តង។
ទី៥៖ វេបសាយ Cambojob ដែលមានអ្នកប្រើប្រាស់ទាំងក្នុងវេបសាយ និងកម្មវិធីទូរស័ព្ទរហូតប្រមាណ ៣០ម៉ឺននាក់ ដែលមានមុខងារសម្រាប់យុវជនគ្រាន់តែវាយនូវផ្នែកការងារណាមួយដែលចង់ដាក់ នោះនឹងអាចឃើញមានផ្នែកជាច្រើនដែលបង្ហាញចេញមកសម្រាប់អ្នកប្រើប្រាស់អាចចូលអានលម្អិតនិងដាក់ពាក្យជាមួយនឹងក្រុមហ៊ុនបាន។ វេបសាយនេះមានមុខងារផ្សេងៗដូចជាការផ្តល់ដំបូន្មានពាក់ព័ន្ធនឹងការងារ ការប្រឹក្សា ការតាំងពិព័រណ៍ការងារផងដែរ។
ទី៦៖ វេបសាយ Jobify ជាវេបសាយមួយដែលធ្វើឱ្យយុវជនអាចរើសការងារទៅតាមប្រភេទដែលខ្លួនត្រូវការដូចជាការងារដែលត្រូវការបទពិសោធន៍តិចតួច ឬ មិនមានបទពិសោធន៍សោះ ការងារដែលត្រូវការបទពិសោធន៍ច្រើន និងការងារដែលដឹកនាំជាន់ខ្ពស់ជាដើម ដែលនឹងបង្ហាញពីមុខងារ និងក្រុមហ៊ុនដែលកំពុងជ្រើសរើស និងដាក់ជាប្រាក់ខែនៅទីនោះតែម្តងដើម្បីអាចចូលអានលម្អិត។
ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យធ្វើការណាមួយ យុវជនគួរត្រៀមខ្លួនក្នុងការបង្កើតជាប្រវត្តិរូបសង្ខេបឱ្យបានរួចជាស្រេច និងស្វែងរកឱកាសណាមួយដែលត្រូវនឹងជំនាញរបស់ខ្លួន និងដាក់ពាក្យជាការស្រេច៕