ភ្នំពេញ៖ មហាសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី ៤៤ របស់គណបក្សប្រជាជនកម្ពុជា បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី១០ ធ្នូម្សិលមិញនេះ ដោយសម្រេចបាននូវលទ្ធផលប្រមាណជិត១០ចំណុច។ក្នុងមហាសន្តិបាតនៅឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា បានសម្រេចបោះឆ្នោតតែងតាំងសមាជិកគណៈកម្មាធិការកណ្តាលបន្ថែមជិត៥០០នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនកើនឡើងជាង១៣០០រូប។
យោងតាមសេចក្តីសម្រេចរបស់មហាសន្តិបាតវិសាមញ្ញតំណាងទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា មហាសន្និបាតរបស់គណបក្សបានសម្រេចបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន៤៩៦រូបបន្ថែមទៀត ដែលភាគច្រើនជាមន្ត្រីវ័យក្មេងជំនាន់ថ្មីហើយបម្រើការងារក្នុងជួររាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ការបោះឆ្នោតបន្ថែមនេះ បាននាំឱ្យសមាជិកគណៈកម្មារធិការកណ្តាលរបស់បក្សកាន់អំណាចមួយនេះកើតសមាជិករហូតដល់ ១៣១២រូប។
ក្រៅពីបោះឆ្នោតបន្ថែមសមាជិក គណបក្សប្រជាជនក៏បាន បោះឆ្នោតជ្រើសតាំងសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលចំនួន២៣រូប ភាគច្រើនជាកូនសែស្រឡាយរបស់ថ្នាក់ដឹកនាំចាស់ៗ ហើយកាន់តំណែងកំពូលក្នុងជួររាជរដ្ឋាភិបាល និង បានបោះឆ្នោតគាំទ្រសម្តេច ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន ធ្វើជាអនុប្រធានគណបក្ស នាំឱ្យគណបក្សប្រជាជនកម្ពុជាមានអនុប្រធានកើនដល់ចំនួន៥រូប។
បើតាមសេចក្តីសម្រេចរបស់មហាសន្និបាត គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីសមិទ្ធផលនានាដែលសម្រេចជោគជ័យកន្លងទៅមានជាអាទិ៍ ការរៀបចំស៊ីហ្គេម កិច្ចប្រជុំអាស៊ាន ការទប់ស្កាត់ជំងឺកូវីដ-១៩ និង បានប្រកាសបន្តរក្សាការពារ របបរាជានិយម សន្តិភាព ស្ថិរភាពនយោបាយ ការពារលទ្ធិប្រជាធិបតេយ្យ រក្សាគោលជំហរនយោបាយការបរទេស ព្រមទាំងលុបបំបាត់អំពើអសកម្មរបស់មន្ត្រីដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជនរបស់ប្រជាពលរដ្ឋជាដើម៕