សៀមរាប៖ សិស្សានុសិស្ស១២៥០នាក់ កាលពីថ្ងៃទី១០ ធ្នូ បានហែក្បួនព្យុហយាត្រាជាលើកទី២ ក្នុងព្រឹត្តិការណ៍«រំលឹកគុណអង្គរ» ដោយចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។ ព្យុហយាត្រានេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។
សិស្សានុសិស្សចំនួន១២៥០នាក់ បានចូលរួមក្នុងក្បួនព្យុហយាត្រានៃពិធីបុណ្យរំលឹកគុណអង្គរ ដោយចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។ នេះជារូបភាពមួយយ៉ាងសំខាន់ ដែលបានប្រព្រឹត្តទៅដើម្បីបណ្តុះនូវស្មារតីស្រឡាញ់ស្នេហាជាតិ ក៏ដូចជាការបណ្តុះនូវគំនិត ធ្វើយ៉ាងណាដើម្បីឱ្យប្រជាជាតិខ្មែរមានភាពរឹងមាំទៅថ្ងៃអនាគត។
សូមជម្រាបថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជា អតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទ និងថែរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់៕