Cc time web banner 054637

ប៉ូលីសកម្ពុជា និងចិនបានបើកប្រតិបត្តិការសហការអនុវត្តច្បាប់រួមគ្នា ចាប់បានជនសង្ស័យឧក្រិដ្ឋជនចំនួន ៥នាក់ដែលបានរត់គេចមកកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប៉ូលីសកម្ពុជា និង ប៉ូលីសខេត្តកាន់ស៊ូ(Gansu)នៃប្រទេសចិនបានបើកប្រតិបត្តិការសហការអនុវត្តច្បាប់រួមគ្នា និងចាប់បានជនសង្ស័យជនជាតិចិនចំនួន៥នាក់ ដែលរត់គេចខ្លួនទៅក្រៅប្រទេសដោយជោគជ័យ។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍ថា៖ កាលពីថ្ងៃទី៨ ខែធ្នូ មានជើងហោះហើរមួយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ឡានចូវ ជុងឈួន ((Lanzhou Zhongchuan International Airport)ដោយជនសង្ស័យឧក្រិដ្ឋជនចំនួន ៥ នាក់ ដែលបានភៀសខ្លួនមកប្រទេសកម្ពុជា ត្រូវបានប៉ូលីសចាប់ខ្លួន និងនាំត្រឡប់មកប្រទេសចិនវិញ។

យោងតាមសេចក្តីរាយការណ៍បានបង្ហាញថា៖ ក្រុមការងារសមត្ថកិច្ចនៃ នាយកដ្ឋានសន្តិសុខសាធារណៈខេត្តកាន់ស៊ូបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២៥ ខែតុលា។ ដោយមានការគាំទ្រពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន និងប៉ូលីសកម្ពុជា ក្រុមការងារសមត្ថកិច្ចនៃនាយកដ្ឋានសន្តិសុខសាធារណៈខេត្តកាន់ស៊ូ បានជម្នះ លើការលំបាកនានាដូចជា ឧបសគ្គភាសា និងទីតាំងភូមិសាស្ត្រដែលមិនធ្លាប់ស្គាល់ជាដើម។ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាង ៤០ ថ្ងៃ បានរកឃើញកន្លែងលាក់ខ្លួន និងសកម្មភាពទម្លាប់ជាក់លាក់របស់ជនសង្ស័យឧក្រិដ្ឋជន និងបានចាប់ខ្លួនជនសង្ស័យនាំមកផ្តន្ទាទោសតាមច្បាប់។

ប៉ូលីសនៃខេត្តកាន់ស៊ូនៃប្រទេសចិនបាននិយាយថា៖ នេះជាលើកទីមួយ ដែលពួកគេ និងប៉ូលីសកម្ពុជាបានរួមគ្នាធ្វើប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យឆ្លងដែន។ កិច្ចសហប្រតិបត្តិការនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់អង្គភាពសន្តិសុខសាធារណៈកាន់ស៊ូក្នុងការស្វែងរកជនរត់គេចខ្លួននៅក្រៅប្រទេស និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន និងកម្ពុជាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មខុសច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង