ម៉ាឡេស៊ី៖ សិស្សកម្ពុជាចំនួន៤៣រូប បានចូលរួមប្រឡងថ្នាក់អន្តរជាតិលើកទី ២៥ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៤ ធ្នូ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នៅក្នុងការប្រឡងនោះ កុមារមកកម្ពុជាបានឈ្នះពានរង្វាន់ចំនួន ២២ ពីកម្មវិធីប្រឡងអន្តរជាតិមួយនេះ។
សិស្សមកពីសាលា UCMAS កម្ពុជាចំនួន ៤៣រូប បានចូលរួមប្រឡងថ្នាក់អន្តរជាតិ «គិតលេខរហ័សថ្នាក់អន្តជាតិលើកទី២៥» ដែលប្រព្រឹត្ដទៅមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី ០៣-០៤ ខែធ្នូ ឆ្នាំ ២០២៣ នៅប្រទេសម៉ាឡេស៊ី។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏ធំអស្ចារ្យមួយនេះ ត្រូវបានរៀបចំឡើងដោយ UCMAS អន្តរជាតិ ដែលមានការចូលរួមពីកុមារឆ្លាតវៃមកពី ៣១ ប្រទេសជុំវិញពិភពលោក និង មានបេក្ខជនសរុបចំនួន ២៥៥០នាក់។
បេក្ខជនចូលរួមប្រឡងទាំងអស់តម្រូវឱ្យប្រកួតប្រជែង ២វិញ្ញាសារធំៗ គឺ វិញ្ញាសារសរសេរ និង វិញ្ញាសារមើល ហើយបេក្ខជនទាំងអស់មានរយៈពេលតែ ៨នាទីប៉ុណ្ណោះ ក្នុងការឆ្លើយទៅលើលំហាត់២០០សំណួរ សម្រាប់វិញ្ញាសារសរសេរនឹងបែងចែកតាមកម្រិតនៃការសិក្សារបស់ពួកគេ។
ជាលទ្ធផលនៃការប្រកួតប្រជែងនេះកុមារ UCMAS កម្ពុជា ទទួលបានជ័យលាភី និងរង្វាន់លើកទឹកចិត្តយ៉ាងច្រើនដូចជា ពានរង្វាន់ Grand Champion ចំនួន ២, ពានរង្វាន់ 1st Runner Up ចំនួន ១៤, ពានរង្វាន់ 2nd Runner Up ចំនួន ៥, ពានរង្វាន់ជាក្រុម Champion Wold Cup ចំនួន១ និងពានរង្វាន់លើកទឹកចិត្តជាច្រើនរូបទៀត។
សូមជម្រាបថា ការប្រឡងថ្នាក់អន្តរជាតិ ជាព្រឹត្តិការណ៍ប្រកួតប្រជែងធំបំផុតនៃកម្មវិធី យូស៊ីម៉ាស់។ កម្មវិធីនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចួលរួមពីសិស្សឆ្នើម កំពុងសិក្សាកម្មវិធីយូស៊ីម៉ាស់ ទាំង៧៩ប្រទេស លើសកលោក។ ហើយកាលពីឆ្នាំ២០១៩ កម្មវិធីប្រឡង UCMAS ថ្នាក់អន្តរជាតិ លើកទី២៤ ត្រូវបានរៀបចំឡើងនៅកម្ពុជា៕