
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា (អគរ) បានចេញសេចក្តីស្រាយបំភ្លឺបញ្ជាក់ ករណីការចុះត្រួតពិនិត្យសាច់បង្កកចម្រុះប្រមាណ ៣៧០ តោន នៅឃ្លាំងត្រជាក់មួយកន្លែងដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ក្នុងសេចក្តីបំភ្លឺនោះ គយបានបញ្ជាក់ថា សាច់បង្កករចម្រុះនោះ គឺមានច្បាប់អនុលោមត្រឹមត្រូវ និង សាច់មានគុណភាពល្អ។
បំភ្លឺនឹងការចុះផ្សាយនានា អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានចាត់តាំងកម្លាំងមន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចជាបន្ទាន់ចុះទៅទីតាំងឃ្លាំង ដើម្បីស្រាវជ្រាវ និង សាកសួរម្ចាស់ឃ្លាំងអំពីអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងការនាំចូលនិងស្តុកទុកសាច់បង្កកទាំងនោះនៅក្នុងឃ្លាំង។
បើតាមគយ ក្រោយស្រាវជ្រាវរួច បានពិនិត្យឃើញថា សាច់បង្កកចម្រុះដែលមានប្រភពមកពីប្រទេសអ៊ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី, ឥណ្ឌា ជាដើម មានទម្ងន់សរុបប្រមាណ ៣៧០ តោន ត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធ និង អាករត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ ពោលគឺពុំទាន់ហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ។
អគ្គនាយកដ្ឋានគយ បានហៅ ការចុះផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ខុសពីការពិតដូចខាងលើបង្កឱ្យមានការយល់ច្រឡំជាសាធារណៈ និងផ្ដល់បច្ច័យអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគយដែលកំពុងអនុវត្តវិធានការមុតស្រួចដើម្បីបង្រ្កាបអំពើរត់គេចពន្ធ៕

