កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវដល់អ្នកនេសាទ និងប្រជាជនដែលរស់នៅក្បែរបឹងទន្លេសាប យកចិត្តទុកដាក់ចំពោះគ្រប់សកម្មភាពដែលអាចបង្កមហន្តរាយដល់ព្រៃលិចទឹក និងត្រីដែលរស់នៅទីនោះ។ បើមិនដូច្នោះទេ នឹងធ្វើឱ្យបឹងទន្លេសាប ក្លាយទៅជាបឹងដែលសម្បូរតែអ្នកនេសាទ តែខ្សត់ត្រីនិងចូលរួមទាំងអស់គ្នា និងជួយទ្រទ្រង់ព្រៃលិចទឹក ដើម្បីការពារបរិមាណស្តុកត្រី និងរក្សាបឹងទន្លេសាបឲ្យបានល្អប្រសើរ។
រដ្ឋបាលខេត្តកំពង់ធំ បានប្រាប់ដល់ប្រជាពលរដ្ឋនេសាទទាំងអស់ ត្រូវតែកាត់បន្ថយការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ និងមិនត្រូវកាន់ទន្ទ្រានព្រៃលិចបន្ថែមទៀតទេ ដោយមិនត្រូវផ្តោតសំខាន់តែការនេសាទតែមួយមុខនោះទេ គឺត្រូវងាកមករកមុខរបរបន្ថែម ដូចជាការធ្វើកសិកម្មដាំដំណាំរួមផ្សំ បន្ទាប់ពីទឹកស្រកទៅវិញ និងរៀនជំនាញបន្ថែម។
បន្ថែមពីនេះ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសដល់យុវជនទាំងអស់ដែលមានបំណងចង់បង្កើតមុខជំនាញ ចុះឈ្មោះចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ មានចំនួន ៨មុខជំនាញ រៀនដោយមិនការបង់ថ្លៃនោះទេ ហើយចំពោះ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឲ្យចូលសិក្សាដោយឥតបង់ថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ ២៨ម៉ឺនរៀលទៀតផង៕