ភ្នំពេញ៖ យុវជនមួយក្រុមបានបង្កើតគម្រោងសប្បុរសធម៌មួយដែលមានឈ្មោះថាក្រវាញ បានប្រកាសស្វែងរកជំនួយពីសំណាក់មហាជនដើម្បីទិញសម្ភារៈសិក្សាមួយចំនួនបរិច្ចាគទៅកាន់សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាកោះរកគោ ដែលស្ថិតនៅស្រុកក្រវាញ ខេត្តពោធិ៍សាត់។
បើតាមកញ្ញាយ៉ាដែន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមការងារបានបង្កើតគម្រោងឈ្មោះក្រវាញនេះឡើងជាមួយនឹងយុវជនផ្សេងទៀត ដើម្បីជួយកុមារតូចៗនៅតាមតំបន់ដាច់ស្រយាលដែលមានជីវភាពខ្វះខាត និងមកពីគ្រួសារដែលមានជីវភាពលំបាក។ ឆ្នាំមុន យ៉ាដែនផ្ទាល់ និងយុវជនបានដឹកនាំយុវជនមួយចំនួនដើម្បីជួយសិស្សានុសិស្សម្តងរួចមកហើយនៅកំពង់ឆ្នាំង ដោយបានផ្តល់ជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ដើម្បីអនាម័យផ្សេងទៀតជាដើមទៅកាន់កុមារដែលជួបភាពលំបាកមិនថាការធ្វើដំណើរ និងការប្រើប្រាស់ទឹកស្អាតនៅក្នុងសាលារៀន។
ដោយសារតែក្តីស្រឡាញ់ចំពោះកុមារនិងក្តីសង្ឃឹម យុវជនមួយក្រុមនេះនៅតែបន្តសកម្មភាពក្នុងការរៃអង្គាសថវិកាដើម្បីអាចទិញសម្ភារៈបរិច្ចាគទៅកាន់កុមារនៅសាលាបឋមសិក្សាកោះរកគោ ដែលស្ថិតនៅក្នុងស្រុកក្រវាញ ខេត្តពោធ៍សាត់។
មូលហេតុដែលយុវជនក្រុមនេះធ្វើដំណើរទៅកាន់ទីតាំងសាលាខាងលើដោយសារតែពួកគេបានឃើញពីបញ្ហាដែលភូមិនេះជួបប្រទះដែលមានដូចជា សិស្សតូចៗមិនសូវមានសម្ភារៈសិក្សានិងសៀវភៅគ្រប់គ្រាន់ដោយសារតែភាគច្រើនមកពីគ្រួសារកសិករ ហើយជាពិសេសបណ្ណាល័យនៅសាលានេះមានភាពចាស់ និងខ្វះខាតសៀវភៅមួយចំនួន រួមទាំងមិនសូវមានភាពទាក់ទាញនៅឡើយសម្រាប់សិស្សនៅក្នុងការអាន ដុចនេះ ក្រុមការងារទិញសម្ភារៈទាំងនេះទៅតុបតែងបណ្ណាល័យដោយមានសង្ឃឹមថានឹងអាចជួយជម្រុញឱ្យសិស្សានុសិស្សបណ្តុះចំណង់ចំណូលចិត្តនៅក្នុងការអានពីកុមារភាពទៅ។
គួរបញ្ជាក់ផងដែរថា យុវជននឹងធ្វើដំណើរទៅកាន់ទីតាំងសាលាខាងលើនោថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០២៣៕