ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី៦ ធ្នូ បានជួបជាមួយ ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា ក្នុងការពិភាក្សាអំពីបញ្ហាទាក់ទងនឹងការថែទាំសុខភាពសម្រាប់ ជនជាប់ឃុំនៅក្នុងពន្ធនាគារកម្ពុជា។ ជាមួយគ្នានោះ ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបជាមួយលោកស្រី Dena Fisher ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា ក្នុងការពិភាក្សាអំពីបញ្ហាទាក់ទងនឹងការថែទាំសុខភាពសម្រាប់ ជនជាប់ឃុំនៅក្នុងពន្ធនាគារកម្ពុជា ក៏ដូចជាការគាំទ្រដ៏យូរអង្វែងរបស់ ICRC ចំពោះវិស័យស្តារលទ្ធភាពពលកម្មកាយសម្បទា។ ជនជាប់ឃុំ និងជនមានពិការភាព មានតម្រូវការសុខភាពជាក់លាក់ ដែលយើងត្រូវយកមកពិចារណា ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ក្នុងការផ្តល់សេវាថែទាំសុខភាពទូទាំងប្រទេស។
ជាមួយគ្នានោះ លោកស្រី Dena Fisher បានប្រាប់ពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ជាពិសេសគម្រោង ជំនួយកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលបានអនុវត្តក្នុងខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា និងកម្មវិធីសុខភាពពន្ធនាគារ។ លោកស្រី Dena Fisher ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល៕