សៀមរាប៖ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ចាប់ផ្តើមពិធីបើកនាព្រឹកថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២៣ នៅខាងលិចស្ពានហាល ប្រាសាទអង្គរវត្ត ក្រោមវត្តមាន សម្តេច ម៉ែន សំអន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ និងលោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងប្រារព្ធឡើងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី៧ធ្នូ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
បើតាម លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការដៃគូរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃផងដែរ។

លោក ឡុង កុសល បានឱ្យដឹងទៀតថា នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា៖ កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣១ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ និងក្បួនព្យុះហយាត្រារបស់សិស្សានុសិស្សចំនួនជាង១,២៥០នាក់ ក្រោមពាក្យស្លោកអរគុណអង្គរ និងអរគុណសន្តិភាព ការសម្តែងសិល្បៈល្ខោនយីកេ ការសម្តែងសិល្បៈល្ខោនស្រមោលល្បែកធំជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់ នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជនអញ្ជើញចូលរួមឲ្យបានច្រើនកុះករ។
សូមជម្រាបដែរថា នេះជាឆ្នាំទីបីហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណ អង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕