ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន និស្សិតវេជ្ជសាស្ដ្រនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល (ស.វ.ស) ចំនួន ១៨រូបហើយ ដែលបានទទួលអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ International University of Health and Welfare (IUHW) ប្រទេសជប៉ុន។
ត្រឹមឆ្នាំ២០២៣នេះ និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលចំនួន លចំនួន ១៨រូបហើយ ដែលបានទទួលអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ International University of Health and Welfare (IUHW) ដែលជាសាកលវិទ្យាល័យបណ្តុះបណ្តាលផ្នែកសុខាភិបាលដ៏ល្បីមួយនៅប្រទេសជប៉ុន។ នៅក្នុងឆ្នាំ២០១៧ មាននិស្សិតកម្ពុជាចំនួន ២នាក់បានទៅសិក្សានីសាកលវិទ្យាល័យ IUHW, ឆ្នាំ២០១៩ ចំនួន៣នាក់, ឆ្នាំ២០២០ ចំនួន៣នាក់, និង នៅក្នុងឆ្នាំ២០២៣នេះ ចំនួន២នាក់។
ដើម្បីជាប់ជាបេក្ខភាពទៅសិក្សានៅប្រទេសជប៉ុន បេក្ខជនត្រូវតែជានិស្សិតកំពុងសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកវេជ្ជសាស្ត្រ ឬជានិស្សិតឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ នៃស.វ.ស។ ការជ្រើសរើសនិស្សិតនឹងត្រូវធ្វើឡើងដោយ ស.វ.ស និងភាគីជប៉ុន ដោយធ្វើតេស្តឆ្លើយសំណួរដែលមានចម្លើយច្រើន លើមុខវិជ្ជា កម្រិតទុតិយភូមិ រួមមាន គណិតវិទ្យា និងមុខវិជ្ជាវិទ្យាសាស្ត ផ្សេងទៀត (បេក្ខជនអាចជ្រើសរើសយក ០២មុខវិជ្ជា ក្នុងចំណោមមុខវិជ្ជាវិទ្យាសាស្ត្រ ចំនួន ៣មុខវិជ្ជា គឺ គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យា) និងភាសាអង់គ្លេស។ ចំណែកការធ្វើតេស្តសម្ភាសផ្ទាល់មាត់ជាភាសាអង់គ្លេស ឬជាភាសាជប៉ុន។
សូមជម្រាបថា សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានចុះអនុស្សរណ:យោគយល់គ្នា ជាមួយ International University of Health and Welfare (IUHW) ប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ កិច្ចសហការនេះហើយដែលផ្តល់ជាកាលានុវត្តភាពដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល មានឱកាសចូលរួមប្រកួតប្រជែងទៅសិក្សា ចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងទទួលអាហារូបករណ៍រយ:ពេលខ្លី និងរយ:ពេលវែងជាបន្តបន្ទាប់៕