
ភ្នំពេញ៖ នៅថ្ងៃទី ៦ ខែធ្នូ រាជរដ្ឋាភិបាលកម្ពុជា បានទទួល ការគាំទ្រជាបន្តទៀតក្នុងកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការផ្ដល់ដូសជំរុញនៃវ៉ាក់សាំងកូវីដ-១៩ ដោយក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួន ៣០២.៤០០ដូស ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ជំនួយសប្បុរសនេះត្រូវបានផ្តល់ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក តាមរយៈយន្តការ កូវ៉ាក់ដែលជាយន្តការចែកចាយវ៉ាក់សាំង និងដឹកនាំដោយ យូនីសេហ្វ។
នៅក្នុងពិធីប្រព្រឹត្តទៅនៅឃ្លាំងឱសថកណ្ដាល នាយិកា បេសកកម្ម របស់ USAID លោកស្រី Kerry Pelzman បានប្រគល់ជាផ្លូវការនូវវ៉ាក់សាំងជូនដល់ លោកស្រី យ៉ក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានវត្តមានរបស់លោកវេជ្ជបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរយូនីសេហ្វ។ អំណោយនេះ បញ្ជាក់អំពី ព្រឹត្តិការណ៍សំខាន់មួយទៀត នៅក្នុងភាពជាដៃគូជាបន្តបន្ទាប់ រវាង សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក្នុងការប្រយុទ្ធនឹង ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារទ្បើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រព័ន្ធសុខាភិបាលកម្ពុជា។
លោកស្រី Kerry Pelzman នាយិកា បេសកកម្ម របស់ USAID បានមានប្រសាសន៍ថា៖ “សហរដ្ឋអាមេរិក គឺជាដៃគូដ៏សំខាន់ក្នុងការគាំទ្រការប្រយុទ្ធប្រឆាំង និងស្តារទ្បើងវិញថ្នាក់ជាតិរបស់កម្ពុជាទៅនឹងជំងឺរាតត្បាតកូវីដ។ ការបន្តកិច្ចគាំទ្ររបស់យើងដល់ការប្រយុទ្ធប្រឆាំង និងស្តារទ្បើងវិញពីជំងឺរាតត្បាតកូវីដនេះ គឺបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រយូរអង្វែងដល់ប្រព័ន្ធសុខាភិបាល និងសុខមាលរបស់ប្រទេស និងប្រជាជនកម្ពុជា។”
ចាត់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រ ឥតប្រែប្រួល ដល់កម្មវិធីផ្ដល់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។ រួមទាំងវ៉ាក់សាំងដែលបានផ្តល់នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងមកប្រទេសកម្ពុជាតាមរយៈយន្តការកូវ៉ាក់ចំនួនជាង ៣,៣ លានដូស។ លទ្ធកម្មវ៉ាក់សាំង និង ការដឹកជញ្ជូនតាមរយៈ យន្តការកូវ៉ាក់ គឺជាការងារដ៏សំខាន់ នៅក្នុងការធ្វើលទ្ធកម្ម និងការដឹកជញ្ជូនចែកចាយវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងពិភពលោក។

លោកវេជ្ជបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរយូនីសេហ្វ បានមានប្រសាសន៍ថា៖ “យូនីសេហ្វ មានមោទនភាព ក្នុងការចូលរួមក្នុងភាពជាដៃគូ នេះ ដែលតាមរយៈ ភាពជាដៃគូ មានកុមារ និងគ្រួសាររបស់ពួកគេជាច្រើនបាន ទទួលផល ប្រយោជន៍ ពីវ៉ាក់សាំង។ រួមជាមួយនឹង ដៃគូនានា ដូចជា សហរដ្ឋអាមេរិក យើងនៅតែបន្តការប្ដេជ្ញាចិត្ត គាំទ្ររាជរដ្ឋាភិបាល កម្ពុជា នៅក្នុងការពង្រឹង ការថែទាំសុខភាពបឋម ប្រកបដោយ សមធម៌ ឆ្ពោះទៅរក ការគ្របដណ្ដប់ ផ្នែកសុខាភិបាលជាសកល ដើម្បីអនាគតមួយដែលកាន់តែមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូប នៅកម្ពុជា។”
ប្រទេស កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៅក្នុងយុទ្ធនាការផ្ដល់វ៉ាក់សាំង របស់ខ្លួន ក្រោម ការដឹកនាំ របស់រាជរដ្ឋាភិបាល ហើយកម្ពុជា នៅតែជាប្រទេស មួយ ក្នុងចំណោម ប្រទេសនានា ដែលមានអត្រា ទទួលវ៉ាក់សាំងកូវីដ-១៩ ខ្ពស់បំផុត។ ជាង ៩៥ភាគរយ នៃ ប្រជាពលរដ្ឋ របស់ប្រទេសនេះ ដែលមានអាយុ លើសពីបីឆ្នាំ បានទទួលវ៉ាក់សាំងពេញលេញ។
ការគាំទ្ររបស់ សហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០២០មក ក៏បានជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញនូវតម្រូវការអនាគត ដូចជាតាមរយៈភាពជាដៃគូរវាង USAID និងយូនីសេហ្វ បានពង្រីកការផ្គត់ផ្គង់ប្រព័ន្ធអុកស៊ីហ្សែនសម្រាប់មណ្ឌលសុខភាព ដើម្បីធានាឲ្យមានអ៊ុកស៊ីហ្សែនសម្រាប់ការសង្គ្រោះជីវិត អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លើសពីការងារកូវីដ-១៩ USAID បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាព និងសេវានានា ដើម្បី លើកកម្ពស់សេវាថែទាំមាតា និងទារក សុខភាពកុមារ និងបន្តពូជ ប្រយុទ្ធនឹងជំងឺឆ្លង និងពង្រឹងគុណភាពនៃ សេវាថែទាំសុខភាពទូទៅ។ ការងារទាំងនេះរួមមានការគាំទ្រការពង្រឹងសមត្ថភាពសន្តិសុខសុខភាព ដើម្បី បង្ការ ត្រៀមខ្លួនទុកមុន និងឆ្លើយតបនឹងការគំរាមកំហែងនៃជំងឺឆ្លងនានានៅពេលអនាគត៕
