ភ្នំពេញ៖ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ក្នុងឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃ១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ នៅសួនច្បារខាងមុខសាលបុរីកោះពេជ្រ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៨:០០យប់ ដែលប្រារព្ធក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ។
បើតាមការផ្សាយបន្តផ្ទាល់នៃគេហទំព័រហ្វេសប៊ុករបស់ក្រុមការងារពិព័រណ៍សៀវភៅកម្ពុជាបានឱ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ក្នុងឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃ១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ដែលមានការចូលរួមរហូតដល់ ២២៩ស្តង់ ដោយសំណាក់គ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើន រហូតដល់ ១៥២ ស្ថាប័ន។
បន្ថែមពីនេះ ប្រភេទសៀវភៅមានគ្រប់ប្រភេទដែលបានដាក់តាំងលក់តាមស្ដង់នីមួយៗ មានដូចជា សៀវភៅបែបប្រលោមលោក សៀវភៅទស្សនវិជ្ជានិងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅប្រវត្តិសាស្រ្ត ចំណេះដឹងទូទៅ និងវប្បធម៌ជាដើម ដែលនឹងមានការបញ្ចុះតម្លៃពិសេសនិងមានការចែកជូនសៀវភៅដោយឥតគិតថ្លៃ ព្រមទាំងកាដូពិសេសៗផងដែរ។
ដូចនឹងឆ្នាំផ្សេងៗកន្លងមក ពិព័រណ៍សៀវភៅកម្ពុជាមិនត្រឹមតែមានការដាក់ស្តង់សៀវភៅនោះទេ ថែមទាំងមានជាការរៀបចំសកម្មភាពផ្សេងៗដូចជាការលេងល្បែងកំសាន្ត ការប្រគំតន្ត្រី ដែលចូលរួមសម្ដែងដោយតារា ចម្រៀងល្បីៗ។ បន្ថែមពីលើនោះទៀត អ្នកចូលរួមអាចមកទិញសៀវភៅផង ជួបជាមួយអ្នកនិពន្ធផ្ទាល់ ជាវវត្ថុអនុស្សាវរីយ៍ជាមួយនឹងក្រុមការងារ និងបានថតរូបលេងកម្សាន្តផងដែរ៕