
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំទី៥០ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាពាក់កណ្តាលខែធ្នូខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេច ហ៊ុន សែន។
ក្នុងដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន ដែលនឹងធ្វើឡើងនាពេលមុខនេះ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុន បានផ្ញើសារគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេច ហ៊ុន ម៉ាណែត និងប្រតិភូកម្ពុជា សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ក៏ដូចជាការរឹតចំណងមិត្តភាពរវាងអាស៊ាន-ជប៉ុន និងកម្ពុជា-ជប៉ុន កាន់តែមានទំនាក់ទំនងប្រសើរឡើងបន្ថែមទៀត៕