Cctimesw1140xh150cm copy

រដ្ឋមន្ត្រីសុខាភិបាលជំរុញឱ្យគ្រប់អង្គភាពពង្រឹងសេវាសង្រ្គោះបន្ទាន់ និងសេវាវះកាត់បានល្អ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី ៤ ធ្នូ បានជំរុញឱ្យគ្រប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ឲ្យបង្កើនការចិត្តទុកដាក់ពង្រឹងការកែលម្អសេវាសង្រ្គោះបន្ទាន់ គុណភាពសេវា ប្រពោធនកម្ម ព្រមទាំងវះកាត់ឱ្យបានល្អ។

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យគ្រប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំងការប្រើប្រាស់ធនធានមនុស្ស សម្ភារៈ និងថវិកា ឱ្យបានសមស្របទៅតាមតម្រូវការជាក់ស្តែង និងពង្រឹងការកែលម្អសេវាសង្រ្គោះបន្ទាន់ គុណភាពសេវា ប្រពោធនកម្ម ព្រមទាំងវះកាត់ឱ្យបានល្អ។

លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ឱសថ ត្រូវរៀបចំផែនការជាក់ស្តែងទៅតាមប្រភេទជំងឺដែលកើតមាននៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ព្រមទាំងស្រង់ប្រភេទជំងឺនៃការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវតាមតម្រូវការជាក់ស្តែង ហើយចំពោះតម្រូវការបុគ្គលិកនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ត្រូវពិនិត្យ និងសិក្សាអំពីតម្រូវការតាមជំនាញ និងចំនួនឱ្យបានច្បាស់លាស់ មុននឹងរៀបចំផែនការស្នើសុំ។

ដើម្បីឱ្យការអនុវត្តការងារកាន់តែល្អប្រសើរ ក្នុងនោះ លោក ឈាង រ៉ា ក៏បានផ្ដោតទៅលើការពង្រឹងវត្តមានមន្ត្រីរាជការ ហើយប្រធានអង្គភាពត្រូវចុះសួរសុខទុក្ខមន្ត្រីរាជការនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានញឹកញាប់ ដើម្បីគាំទ្រ លើកទឹកចិត្ត និងបង្កើតមនោសញ្ចេតនាដោយទុកដូចជាកូនជាចៅ។ លើសពីនេះ រាល់ការបម្រើសេវាទាំងថ្នាក់កណ្តាល និងរាជធានី-ខេត្ត ធ្វើយ៉ាងណាឱ្យល្អប្រសើរស្របតាមគោលការណ៍ ក្នុងការផ្តល់សេវាសុខាភិបាល ដោយត្រូវយកចិត្តទុកដាក់ឱ្យបានឆាប់រហ័ស រួសរាយរាក់ទាក់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង