ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសបើកគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ចំនួន២៤លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅប្រទេសកម្ពុជា។ គម្រោងនេះមានឈ្មោះថា «USAID អភិរក្ស»។
គម្រោងនេះនឹងពង្រីកការគាំទ្ររបស់ USAID ទៅដល់ សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ ទន្ទឹមគ្នាផងដែរគម្រោងនេះ នឹងអនុវត្តគំនិតផ្តួចផ្តើមថ្មីៗសម្រាប់សហគមន៍ទាំងឡាយ ដែលរស់នៅជុំវិញបឹងទន្លេសាប និងតាមតំបន់ឆ្នេរនៃខេត្តកោះកុង និងខេត្តព្រះសីហនុ។
គម្រោង USAID អភិរក្សនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ USAID ក្នុងការផ្តល់មូលនិធិផ្ទាល់ដល់សហគមន៍មូលដ្ឋាន តាមរយៈជំនួយបន្តចំនួន ៨លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយខ្នាតតូច ទៅដល់សហគមន៍មូលដ្ឋាន អង្គការ និងវិស័យឯកជន យ៉ាងតិចចំនួន ២៥០ ក្នុងប្រទេសកម្ពុជា។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នឹងពង្រីកការគាំទ្របន្តទៅលើគម្រោង
ហិរញ្ញប្បទានកាបូនព្រៃឈើ ដែលធ្លាប់បានទទួលជោគជ័យកន្លងមក តាមរយៈការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍគម្រោងប្ល៊ូកាបូននៅក្នុងតំបន់ព្រៃលិចទឹក និងតំបន់ឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជា។ គម្រោង USAID អភិរក្ស នឹងបង្កើតយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម នៅថ្នាក់ជាតិ ខេត្ត ស្រុក និងឃុំ ដែលផ្តោតលើការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់។
នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោកស្រី Kerry Pelzman មានប្រសាសន៍ថា "គម្រោង USAID អភិរក្សឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តចំពោះការធ្វើមូលដ្ឋានីយកម្មនៃជំនួយអភិវឌ្ឍន៍របស់យើង។ តាមរយៈ គម្រោងនេះ យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហគមន៍ក្នុងការបង្កើតការងារក្នុងស្រុក ដោយផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ទុនឯកជនដើម្បី វិនិយោគក្នុងដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិអាកាសធាតុ។ តាមរយៈវិធីសាស្រ្តនេះ គម្រោង USAID អភិរក្ស នឹងផ្តល់ការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវអព្យាក្រឹតកាបូននៅ ឆ្នាំ២០៥០»។
គម្រោង USAID អភិរក្ស នឹងត្រូវដឹកនាំអនុវត្តដោយក្រុមហ៊ុន Tetra Tech ARD និងអង្គការដៃគូ រួមមាន អង្គការសមាគមអភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ។