681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងអប់រំដាក់ថ្នាក់អប់រំបច្ចេកទេសនៅសាកលវិទ្យាល័យក្រចេះដើម្បីឱ្យសិស្សមានជំនាញបច្ចេកទេស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ ក្រសួងអប់រំនៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ បានដាក់កម្មវិធីសិក្សាថ្នាក់អប់រំបច្ចេកទេស (៩+៣) នៅសាកលវិទ្យាល័យក្រចេះ ដើម្បីជួយសិស្សានុសិស្សដែលគ្មានលទ្ធភាពសិក្សា ទទួលបានឱកាសសិក្សាថ្នាក់អប់រំបច្ចេកទេស ដោយឥតគិតថ្លៃ និងទទួលបានជំនាញច្បាស់លាស់។ វិញ្ញាបនបត្រនៃថ្នាក់អប់រំបច្ចេកទេស មានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដូច្នេះនៅពេលសិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់អប់រំបច្ចេកទេស ពួកគេក៏អាចបន្ដការសិក្សានៅសាកលវិទ្យាល័យបានដែរ។

លោក អឿន ភី ប្រធានដេប៉ាតឺម៉ង់មេកានិច និងឧស្សាហកម្ម នៃសាកលវិទ្យាល័យក្រចេះ បានប្រាប់ស៊ីស៊ីថាមស៍ថា នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំបានដាក់កម្មវិធីសិក្សាថ្នាក់អប់រំបច្ចេកទេស (៩+៣) នៅសាកលវិទ្យាល័យក្រចេះ។ នៅក្នុងឆ្នាំសិក្សាថ្មីនេះ មានសិស្សានុសិស្សប្រមាណ៣០នាក់ បានចុះឈ្មោះចូលរៀនថ្នាក់អប់រំបច្ចេកទេស (៩+៣) នៅសាកលវិទ្យាល័យក្រចេះ ដែលពួកគេចូលនៅថ្ងៃទី០៤ វិច្ឆិកា ម្សិលមិញនេះ។

លោក អឿន ភី បានបន្ដថា នៅក្នុងការបើកថ្នាក់អប់រំបច្ចេកទេស នេះ សាកលវិទ្យាល័យក្រចេះ បានទិញសម្ភារៈ និងម៉ាស៊ីនផ្សេងៗ សម្រាប់ប្រើប្រាស់នៅក្នុងថ្នាក់អប់រំបច្ចេកទេសនេះ។ ហើយថ្នាក់អប់រំបច្ចេកទេស មានជំនាញអភិវឌ្ឈន៍កសិកម្ម និងជំនាញកសិកម្មវៃឆ្លាត។ ជំនាញកសិកម្មវៃឆ្លាត ផ្ដោតសំខាន់ទៅលើបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីឱ្យសិស្សានុសិស្សយកទៅប្រើប្រាស់នៅក្នុងវិស័យកសិកម្ម។ ចំណែកជំនាញអភិវឌ្ឍកសិកម្ម ផ្ដោតសំខាន់លើ ការកែច្នៃ និងការចិញ្ចឹមសត្វជាដើម។

ប្រធានដេប៉ាតឺម៉ង់រូបនេះ បានបន្ដទៀតថា កម្មវិធីសិក្សាថ្នាក់ (៩+៣) គឺជាកម្មវិធីសិក្សាសម្រាប់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់បឋមភូមិ (ឌីប្លូម) និងសិស្សដែលមិនបានបន្ដការសិក្សានៅថ្នាក់វិទ្យាល័យ ដើម្បីជួយឱ្យពួកគេមានឱកាសសិក្សាថ្នាក់ ៩+៣ រយៈពេល៣ឆ្នាំ ហើយពួកគេនឹងទទួលសញ្ញាបត្រដែលមានតម្លៃស្មើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងមានឱកាសបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យបានដែរ។

លោក អឿន ភី បានបញ្ជាក់ថា ការសិក្សាថ្នាក់អប់រំបច្ចេកទេសអាចជួយឱ្យសិស្សានុសិស្សចំណេញពេលវេលា និងថវិកា។ ប្រសិនបើសិស្សានុសិស្សសិក្សាថ្នាក់អប់រំបច្ចេកទេស នៅពេលពួកគេបញ្ចប់ការសិក្សាថ្នាក់បច្ចេកទេស និងមិនមានលទ្ធភាពបន្ដការសិក្សានៅមហាវិទ្យាល័យ យ៉ាងហោចណាស់ពួកគេមានជំនាញមួយរួចទៅហើយ។ ជាពិសេស សព្វថ្ងៃនេះមានតម្រូវការអ្នកបច្ចេកទេសខ្ពស់ ដែលធ្វើឱ្យសិស្សានុសិស្សមានជំនាញបច្ចេកទេស មានឱកាសការងារខ្ពស់ ផងដែរ៕


Khcct banner

អត្ថបទទាក់ទង