681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងកសិកម្មគ្រោងបង្កើត«សហគមន៍កសិកម្មទំនើប»ដើម្បីបញ្ឈប់ការនាំចេញគ្រាប់ស្វាយចន្ទីទៅបរទេស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងកសិកម្ម នាពេលខាងមុខនេះ នឹងបង្កើត សហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករដាំដុះដំណាំស្វាយចន្ទី និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ទៅឱ្យសហគមន៍កសិកម្ម ទៅតាមគុណភាពដែលសហគមន៍កសិកម្មចង់បាន ដើម្បីយកទៅផលិត កែច្នៃ និងចេញលក់ ទាំងនៅក្នុងស្រុក និងទីផ្សារបរទេស។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ផ្ទៃដីដែលអាចដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាមានចំនួនច្រើន ប៉ុន្ដែផ្ទៃដីដែលបានដាំស្វាយចន្ទីមានតែជាង៧០ម៉ឺនហិកតា ដែលអាចផ្ដល់ផលជាមធ្យមប្រមាណ១លានតោននៅក្នុងមួយឆ្នាំ។ ហើយក្នុងនោះគ្រាប់ស្វាយចន្ទីប្រមាណ៩០% ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម។

កញ្ញា អ៊ឹម រចនា បានបន្ដថា នៅក្នុងអាណត្តិនេះ ក្រសួងកសិកម្ម បានដាក់ចេញនូវគោលនយោបាយដ៏សំខាន់ ដោយចងក្រងជាសហគមន៍កសិកម្ម ដើម្បីឱ្យការដាំដុះដំណាំស្វាយចន្ទី ទាំងកសិករ និងអ្នកប្រមូលទិញ ផ្សារភ្ជាប់គ្នា ហើយចំពោះការផ្គត់ផ្គង់ និង តម្រូវការ គ្រាប់ស្វាយចន្ទី មានភាពស្មើគ្នា និងស្ថិតនៅក្នុងតម្លៃមួយដែលអាចទទួលយកបាន។

លើសពីនេះ ក្រសួងកសិកម្មនឹងប្រមូលផ្ដុំកសិករដែលដាំដុះដំណាំតាមប្រភេទ ចងក្រងជាសហគមន៍តែមួយ ដោយក្រសួងនឹងដំណើរការជាការសហការ ដូចជាក្រុមហ៊ុនមួយ ដែលនឹងមាននាយកប្រតិបត្តិ គណនេយ្យ និងមានបុគ្គលិកផ្សេងៗទៀត ដែលពួកគេយល់ច្បាស់អំពីខ្សែច្រវាក់ទាំងឡាយនៅក្នុងផលិតកម្មស្វាយចន្ទី ដោយផ្សារភ្ជាប់ជាមួយកសិករ តាមរយៈការចុះកុងត្រា។

ជាមួយគ្នានោះ នៅពេលកសិករចុះកុងត្រាជាមួយសហគមន៍កសិកម្មទំនើប ដែលក្រសួងកសិកម្មនឹងបង្កើតឡើងនាពេលខាងមុខនេះ ប្រជាកសិករអាចនឹងដាំដុះដំណាំស្វាយចន្ទី និងផ្គត់ផ្គង់គ្រាប់ស្វាយ ទៅឱ្យសហគមន៍កសិកម្ម ទៅតាមគុណភាពដែលសហគមន៍កសិកម្មចង់បាន ដើម្បីយកទៅផលិត កែច្នៃ និងចេញលក់ ទាំងនៅក្នុងស្រុក និងបរទេស។

បើតាមប្រសាសន៍លោក ឌិត ទីណា ថ្លែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានឱ្យដឹងថា ការបង្កើតសហគមន៍កសិកម្មទំនើប គឺបានរួមចំណែកនិងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករ ដោយក្នុងនោះកសិករទទួលបានដូចជា ការគាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ពន្ធ និងមធ្យោបាយផលិតកម្ម ទំនើប ការពិភាក្សាយោបល់ និងការគ្រប់គ្រងមុខជំនាញ ទទួលបានឥណទានការប្រាក់ទាបសំដៅធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើមផលិតកម្មឲ្យមានប្រសិទ្ធភាពខ្ពស់អាចប្រកួតប្រជែងនៅលើទីផ្សារនៃប្រទេសដទៃទៀតបាន។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ពេលបច្ចុប្បន្ន កម្ពុជាមានសហគមន៍កសិកម្មប្រមាណជា ១២៥១ ក្នុងនោះមានសមាជិកសរុប ១៧ម៉ឺននាក់ ប៉ុន្តែក្នុងចំណោមសហគមន៍សរុបទាំងអស់ មានសហគមន៍កសិកម្មរឹងមាំតែ ២១៧សហគមន៍ប៉ុណ្ណោះ។ សហគមន៍ទាំងអស់មានដើមទុនសរុប ២៦លានដុល្លារ បើគិតជាមធ្យមភាគ គឺមានតែ ២ម៉ឺនដុល្លារ ក្នុងមួយសហគមន៍៕


Khcct banner

អត្ថបទទាក់ទង